សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជារៀបចំអង្គប្រជុំស្តីពី “ ការបូកសរុបលទ្ធផលឆមាសទី១ និងផែនការសម្រាប់ឆ្នាំ ២០១៩-២០២០ ”
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានបងើ្កតសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ដែលមានវិសាលភាពទូទាំងប្រទេសកម្ពុជា ហើយដែលធ្វើសកម្មភាព ដើម្បីបម្រើផលប្រយោជន៍ដល់មុខរបរ និងមីក្រូសហគ្រាស ក្នុងគោលបំណងជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ច ជួយបង្កើនធនធានមនុស្ស និងការបង្កើតអាជីពតាមរយៈមុខរបរ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រះរាជាណាចក្រកម្ពុជា ។
ការថ្លែងបែបនេះ ត្រូវបានឯកឧត្តម សុន គន្ធរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកសហគ្រាសធុនតូច និង មធ្យម និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងជាប្រធានសភាមុខរបរ និង មីក្រូសហគ្រាសកម្ពុជា ធ្វើឡើងក្នុងអង្គប្រជុំស្តីពី “ ការបូកសរុបលទ្ធផលឆមាសទី១ និង ផែនការសម្រាប់ឆ្នាំ ២០១៩-២០២០ ” នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី៣១ ខែកក្កដា ឆ្នំា២០១៩នេះ ។
ឯកឧត្តម សុខ ខេង ជាអ្នកសម្របសម្រួលកម្មវិធីក្នុងអង្គប្រជុំនេះ បានរាយការណ៍អំពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈ០៦ខែកន្លងមករួមមាន៖
១. បានរៀបចំសិក្ខាសាលាចំនួន៤លើកជូនអាជីវករ សាស្ត្រាចារ្យ និង និស្សិតនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និង បន្ទាយមានជ័យលើប្រធានបទស្តីអំពី “ទស្សនវិសយនៃការអភិវឌ្ឍសហគ្រាសមីក្រូ តូច និងមធ្យមនៅកម្ពុជា” និង “ តួនាទីរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច” ដែលបានធ្វើឲ្យអាជីវករ និង និស្សិតមានចំណាប់អារម្មណ៍ខ្លាំងស្តីពីរបៀបបង្កើត និង គ្រប់គ្រងអាជីវកម្មប្រកបដោយជោគជ័យ ។
២. បានចូលរួមប្រជុំជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១, គណៈកម្មាធិការជាតិបណ្តុះបណ្តាល, គណៈកម្មាធិការជាតិកិច្ចសន្យាកសិកម្ម និង ជាមួយស្ថាប័នសាធារណៈជាច្រើនផ្សេងទៀត ។
៣. រៀបចំប្រជុំជាបន្តបន្ទាប់ក្នុងការបង្កើតចង្កោមចំនួន៥ដើម្បីចូលរួមអភិវឌ្ឍន៍ធុរកិច្ចដែលជា សហគ្រាសមីក្រូ និង តូច តាមរយៈការបង្កើតយន្តការ រចនាសម្ព័ន្ធដឹកនាំ និង ការគ្រប់គ្រងចង្កោមនីមួយៗដែលរួមមាន៖ ទី(១) ចង្កោមភ្នាក់ងារសេវាកម្មពន្ធដារ ហិរញ្ញវត្ថុនិង គណនេយ្យ, ទី(២) ចង្កោមភ្នាក់ងារសេវាកម្មអចលនទ្រព្យ, ទី(៣)ជំនាញទីផ្សារ ការលក់ និង សិក្សាស្រាវជ្រាវទីផ្សារ, ទី(៤) វិស័យអាហារ និងភេសជ្ជៈ និងទី(៥) វិស័យសម្លៀកបំពាក់ និង តម្បាញ ។
ឯកឧត្តមបន្ថែមទៀតថា ផែនការយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ឆ្នាំ២០១៩-២០២០ រួមមាន៖
-ពង្រឹង និង ពង្រីកសមាជិកចង្កោមទាំង៥ ។ -រៀបចំបណ្តុះបណ្តាលជំនាញគ្រប់គ្រងសហគ្រាស ឬ គ្រប់គ្រងធុរកិច្ចប្រកបដោយគុណភាព សមត្ថភាព និង លទ្ធភាពប្រកួតប្រជែងខ្ពស់ ។ -រៀបចំសិក្ខាសាលាដើម្បីបញ្ជ្រាបគំនិតសហគ្រិនភាពដល់និស្សិត និងអាជីវករទើបចាប់ផ្តើមនិងសិក្ខាសាលាចែករំលែកបទពិសោធន៍គ្រប់គ្រង ព្រមទាំងដឹកនាំសហគ្រាសប្រកបដោយជោគជ័យ ។ -រៀបចំជួបគ្រប់ដៃគូរសហប្រតិបត្តិការ ដើម្បីរួមគ្នាសម្រេចឲ្យបានផែនការអភិវឌ្ឍធុរកិច្ចឆ្នាំ២០១៩-២០២៥ ។ -បន្តពង្រីកចង្កោមផ្សេងៗទៀត និង អភិវឌ្ឍន៍ឲ្យមានគុណភាព សមត្ថភាព និង លទ្ធភាពប្រកួតប្រជែង ។
ក្នុងអង្គប្រជុំ ឯកឧត្តម សុន គន្ធរ ក៏បានផ្តល់អនុសាសន៍ឲ្យសមាជិកគណៈកម្មាធិការប្រតិបត្តិ សមាជិក សមាជិការនៃសហគ្រាស មីក្រូ តូច និងមធ្យម រួបរួមគ្នាជាចង្កោមចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍធុរកិច្ចឲ្យបានសម្រេចដើម្បីផ្តល់ប្រយោជន៍ដល់សង្គម ទន្ទឹមនឹងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ និងគាំទ្រជានិច្ចដល់អាជីវករ សហគ្រាស មីក្រូ តូច និង មធ្យម ដោយដាក់ចេញជាគោលនយោបាយអនុគ្រោះ និង ទំនុកបម្រុងផ្សេងៗ ធ្វើយ៉ាងណាឲ្យសហគ្រាសតូចៗទទួលបានផលចំនេញ និងនិរន្តរភាពក្នុងទីផ្សារ ។ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនចង់ឃើញ និងមិនចង់លឺថាសហគ្រាសណាមួយបរាជ័យ ឬ ដួលរលំទៅវិញឡើយ ។ ហើយអ្វីដែលថ្នាក់ដឹកនាំប្រទេសសប្បាយចិត្តបំផុតគឺឃើញប្រជាពលរដ្ឋដែលជាអាជីវករ អាចប្រកបរបរបានប្រាក់ចំនេញ និងរីកចំរើនធំធាត់ ជាមួយជីវភាពល្អប្រសើរ ៕ធ.ដ