ឯកឧត្តម ឌិត ទីណា អរគុណ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ដែលបានជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានភាពប្រសើរឡើង
(ភ្នំពេញ) ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានទទួលជួបជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប(EU) ដែលនឹងចប់អាណត្តិបេសកកម្មការទូត នៅកម្ពុជា នាទីស្តីការក្រសួងកសិកម្ម ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណសម្រាប់កិច្ចសហប្រតិបត្តិការល្អក្នុងការចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានភាពប្រសើរឡើង។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ក្តាប់ស្ថានភាពកសិកម្មទាំងទិដ្ឋភាពបច្ចេកទេស និងនយោបាយគៀងគរឱ្យមានការចូលរួមពីវិស័យឯកជន និងដៃគូរអភិវឌ្ឍន៍ ដើម្បីជំរុញកម្មវិធីផ្សព្វផ្សាយកសិកម្មឱ្យកាន់តែខិតជិតកសិករ និងក្រុមអ្នកផលិត មានភាពម្ចាស់ការ ធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ ធានាបាននូវសន្តិសុខស្បៀងនិងស្ថិរភាពតម្លៃនៅទូទាំងប្រទេស ព្រមទាំងការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើម កាត់បន្ថយការចំណាយផ្សេងៗ ដើម្បីជួយឱ្យកសិករទទួលបានផលចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច ក្នុងការចូលរួមជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជា ឱ្យក្លាយប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ៕
ប្រភព ៖ ក្រសួងកសិកម្ម


