អាជ្ញាធរខេត្តរតនគិរី បន្តផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤ សម្រាប់ឆ្នាំ២០១៩
រតនគិរី៖ ការផ្សព្វផ្សាយផែនការស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤ ឆ្នាំ២០១៩នេះ ត្រូវបានគណ:កម្មាការត្រួតពិនិត្យគ្រឿងញៀនខេត្ត រៀបចំឡើងនៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងមានការចូលរួមពីយុវជន សិស្សានុសិស្ស មន្ត្រីរាជកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់។
ឯកឧត្តម លន់ សុភាព អភិបាលរងខេត្តរតនគិរី និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត បានឱ្យដឹងថា ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ផែនការរយៈពេល១ឆ្នាំ គឺចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ
២០១៩។
ឯកឧត្តមបញ្ជាក់ថា ដើម្បីរួមចំណែកអនុវត្តន៍ផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ ឱ្យមានប្រសិទ្ធិភាព គណៈកម្មការត្រួពិនិត្យគ្រឿងញៀនខេត្តរតនគិរី បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ដូចជា៖ កាត់ផ្តាច់ឬសគល់នៃការជួញដូរ និងប្រើប្រាស់គ្រឿងញៀនអប់រំ ផ្សព្វផ្សាយ កៀរគរសមាសភាពមន្ត្រីរាជការ សិស្សានុសិស្ស យុវជន កងកម្លាំងប្រដាប់អាវុធ កម្មករ និងប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំរុញអនុវត្តន៍វិធានការច្បាប់និងរដ្ឋបាលដូចភ្លៀងរលឹម ពង្រឹងសមត្ថភាពកម្លាំងមានសមត្ថកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គភាពប្រឆាំងគ្រឿងញៀនរបស់ប្រទេសជាប់ព្រំដែនឱ្យបានទូលំទូលាយ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានគាំទ្រយ៉ាងពេញទំហឹងលើផែនការយុទ្ធសាស្ត្ររបស់គណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដែលបានដាក់សម្រាប់ការទប់ស្កាត់ បង្ក្រាប និងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុស
ច្បាប់។ ឯកឧត្តមមានប្រសាសន៍បន្តថា បញ្ហាគ្រឿងញៀន ជាបញ្ហាដែលយើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា ព្រោះគ្រឿងញៀននាំឲ្យបំផ្លិចបំផ្លាញសង្គមជាតិ និងរាំងស្ទះដល់ដំណើរការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍប្រទេសជាតិ។
សូមបញ្ជាក់ផងដែរថា នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៣កន្លមកនេះ គណៈកម្មាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តរតនគិរី បានបង្ហាញថា លទ្ធលនៃការប្រើប្រាស់ ជួញដូរគ្រឿងញៀនដែលបង្ក្រាបបានក្នុងខេត្ត មានចំនួន៨៨ករណី ដោយឃាត់បានជនសង្ស័យសរុប២១៤នាក់ (ស្រី៣៣នាក់) និងរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន៥០១កញ្ចប់ មានទម្ងន់៣.៧៨២,៣២ក្រាម ថ្នាំញៀនប្រភេទយ៉ាម៉ា (WY) ចំនួន១៤០២គ្រាប់ ទូរសព្ទ១១២គ្រឿង ជញ្ជីញថ្លឹងថ្នាំ៣២គ្រឿង វត្ថុច្នៃ៧គ្រឿង ដាវសាំម៉ូរ៉ៃ២០ដើម ម៉ូតូ២១គ្រឿង និងរថយន្ត៣គ្រឿងផងដែរ៕ធ.ដ
ដោយៈ គតិ យុត្ត