ក្រុមនិសិ្សតរាប់រយនាក់ ចូលរួមក្នុងក្បួនដង្ហែរគាំទ្រប៉ាឡេស្ទីនក្នុងរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ាក់

បាដដាដ៖ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លា ស្ទើរពេញមួយយប់លើតំបន់ហ្គាហ្សា ខណៈដែលក្រុមសង្គ្រោះនិយាយថា បានបំផ្លាញអគាររាប់រយខ្នង នៅក្នុងសង្គ្រាមជាប្រវត្តិសាស្រ្តរយៈពេល៣សប្តាហ៍មកនេះ ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។

ឆ្លើយតបនឹងការវាយប្រហារចុងក្រោយនេះ ក្រុមនិសិ្សតសាកលវិទ្យាល័យអ៊ីរ៉ាក់ប្រមូលផ្តុំគ្នានៅទីក្រុងអាល់ ខាដហ៊ីមីយ៉ា ក្នុងរដ្ឋធានីបាដដាដ ដើម្បីចូលរួមក្បួនដង្ហែរបង្ហាញការគាំទ្រ និងសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទី្រប។ បាតុករម្នាក់និយាយថា ការទាមទារចម្បងរបស់ពួកយើង គឺអនុញ្ញាតឱ្យការផ្តល់ជំនួយបញ្ជូនទៅដល់ទឹកដីប៉ាឡេស្ទីន ដើម្បីជួយប្រជាជនប៉ាឡេស្ទីន ក្នុងការទទួលបាននូវថ្នាំពេទ្យ ឬស្បៀងអាហារ។

ពួកយើង ក្នុងនាមនិស្សិតសាកលវិទ្យាល័យអ៊ីរ៉ាក់ ត្រៀមខ្លួនរួចរាល់ដើម្បីជួយដល់ប្រជាជនប៉ាឡេស្ទីន។ បាតុករម្នាក់ទៀតក៏បានបញ្ជាក់ដែរថា ពួកយើងត្រៀមខ្លួនរួចរាល់ ដើម្បីបង្ខំឱ្យអ៊ីស្រាអែលបើកព្រំដែន ហើយខ្ញុំនឹងទៅទីនោះ (តំបន់ហ្គាហ្សា) សូម្បីតែការចូលរួមប្រយុទ្ធ ឬផ្តល់ជំនួយមនុស្សធម៌ ឬសម្ភារៈក៏ដោយ យើងត្រៀមខ្លួនរួចរាល់គ្រប់យ៉ាងទាំងអស់។

គួរបញ្ជាក់ថា តំបន់ហ្គាហ្សា ត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុងចេញពីពិភពខាងក្រៅនៅថ្ងៃសៅរ៍សប្តាហ៍នេះ បន្ទាប់ពីអ៊ីស្រាអែលពង្រីកប្រតិបត្តិការផ្លូវគោក ក្នុងសង្គ្រាមប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ក្នុងដំណាក់កាលទី២។ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីន បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា មនុស្សកើនលើស ៨,០០០នាក់ហើយត្រូវបានសម្លាប់ គិតចាប់តាំងពីសង្រ្គាមជាមួយអ៊ីស្រាអែលផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner