ណូវែលសេឡង់ ដាក់ការហាមប្រាមមិនឱ្យមានទូរសព្ទនៅក្នុងសាលារៀន

វែលីងតុន៖ ទូរសព្ទ ស្មាតហ្វូន (Smart Phone) នឹងត្រូវហាមឃាត់នៅក្នុងសាលារៀន ទូទាំងប្រទេសណូវែលហ្សេឡង់តែម្ដង។នេះបើតាម ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីអភិរក្សនិយម Christopher Luxon ថ្លែងនាថ្ងៃទី ១ ខែធ្នូ ក្រោយកត់សម្គាល់ឃើញអត្រាអក្ខរកម្មមានការធ្លាក់ចុះ។

សាលារៀនរបស់ប្រទេសណូវែលសេឡង់ដែលធ្លាប់តែឈរនៅលំដាប់ថ្នាក់ល្អ ជាសាលារៀនដែលមានអត្រាអក្ខរកម្មខ្ពស់មួយរបស់ពិភពលោក បានធ្លាក់ដល់ចំណុចគួរឱ្យព្រួយបារម្ភមួយ។កម្រិតនៃការអាន និងសរសេររបស់សិស្សបានធ្លាក់ចុះ ដែលនាំឱ្យក្រុមអ្នកស្រាវជ្រាវភ័យខ្លាចថា នេះអាចជាវិបត្តិសម្រាប់វិស័យអប់រំទាំងមូល។

ក្រោមហេតុផលនេះ លោកនាយករដ្ឋមន្ត្រី Christopher Luxon បានប្រកាសអំពីវិធានការហាមប្រាម ទូរស័ព្ទចេញពីសាលារៀន ដោយចាប់អនុវត្តក្នុងរយៈពេល ១០០ថ្ងៃដំបូង ដោយលោកសង្ឃឹមថា វិធានការនេះនឹងបញ្ឈប់នូវការរំខានមួយចំនួន និងអាចជួយឱ្យសិស្សមានការផ្ដោតអារម្មណ៍ជាងមុន។

លោក Christopher Luxon បានមានប្រសាសន៍ថា៖ «យើងនឹងហាមប្រាមទូរស័ព្ទចេញពីសា លារៀននៅទូទាំងប្រទេស ព្រោះយើងចង់ឱ្យសិស្សផ្ដោតលើការសិក្សា និងចង់ឱ្យគ្រូផ្ដោតលើការបង្រៀន»។

ទន្ទឹមគ្នានេះ អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលអប់រំសប្បុរសធម៌នូវែលហ្សេឡង់ ក៏បានព្រមានអំពីវិបត្តិអក្ខរកម្មកាលពីឆ្នាំ ២០២២ ដោយរបាយការណ៍បានរកឃើញថា ក្មេងអាយុ ១៥ឆ្នាំច្រើនជាង១ភាគ៣ មិនអាចអាន ឬសរសេរបាន។

ក្រុមអ្នកស្រាវជ្រាវបានបន្ថែមដែរថា ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះនៃអាត្រាអក្ខរកម្មនេះ អ្នកពាក់ព័ន្ធត្រូវតែមានការចាត់វិធានការជាបន្ទាន់។

យ៉ាងណាមិញ បញ្ហានេះអាចជាបន្ទុកដ៏ធ្ងន់មួយសម្រាប់រដ្ឋាភិបាលដែលទើបនឹងស្បថចូលកាន់ តំណែងកាលពីថ្ងៃទី ២៧ ខែវិច្ឆិកាកន្លងទៅ ពោលគឺលោក Christopher Luxon ទើបកាន់តំណែងបានមួយសប្ដាហ៍ប៉ុណ្ណោះ។

ក្រៅតែពីបញ្ហាក្នុងវិស័យអប់រំនេះ រដ្ឋាភិបាលទើបចូលកាន់តំណែងនេះក៏កំពុងតែដោះស្រាយនូវ បញ្ហាចម្រូងចម្រាស់ជាមួយសាធារណជន ចំពោះការសម្រេចដកចេញនូវច្បាប់ហាមឃាត់ការជក់បារីរបស់លោកផងដែរ។

ការហាមឃាត់ការជក់បារីនេះ គឺជាគោលនយោបាយរបស់នាយករដ្ឋមន្ត្រីចាស់ សំដៅលើកស្ទួយសុខ ភាពសាធារណៈ។ ក្រោមគោលនយោបាយនេះ អាត្រានៃការជក់បារីរបស់ប្រជាជនបានធ្លាក់ចុះយ៉ាង គំហុក ដែលនាំឱ្យមានការកោតសរសើរពីសាធារណជន ក៏ដូចជាអន្តរជាតិ៕ ប្រែសម្រួល៖ កែវ បុស្បា

ads banner