ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ៖ ពិព័រណ៍អប់រំអាស៊ាន-ចិន រួមចំណែកលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ ថ្លែងថា ពិព័រណ៍អប់រំអាស៊ាន-ចិនបានរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលផ្ដោតលើការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ពន្ធ ទឹក អគ្គិសនី និងបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍បែបនេះ នាឱកាសចូលរួមពិព័រណ៍អប់រំអាស៊ាន-ចិនលើកដំបូងនៅកម្ពុជា ដែលធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ២០២៣ នៅផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិតបានរំឭកពីទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលមានតាំងពីយូរមកហើយនោះ ពិសេសគឺការតភ្ជាប់ឡើងវិញដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗ ដែលបានបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ជាក់ស្ដែង កម្ពុជា-ចិនបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងនោះវិស័យអប់រំក៏ត្រូវបានពង្រឹង និងពង្រីកកាន់តែជិតស្និទ្ធនឹងគ្នាផងដែរ។ លោក កាវ ជាន ប្រធានសមាគមកម្ពុជា-ចិនដើម្បីការផ្លាស់ប្ដូរ បានបញ្ជាក់ថា ពិព័រណ៍អប់រំចិន-អាស៊ានឆ្នាំ២០២៣នេះ មានគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកសាងវេទិការសម្រាប់ការសិក្សា និងការផ្លាស់ប្ដូរគ្នាទៅវិញទៅមករវាងចិន និងបណ្ដាប្រទេសសមាជិកអាស៊ាន។

លោក កាវ ជាន បន្តថា ពិព័រណ៍អប់រំនេះដែរមានសាកលវិទ្យាល័យ មហាវិទ្យាល័យ សាលាអន្តរជាតិ ស្ថាប័នអប់រំសរុបប្រមាណ៤០ទីតាំង មកពី១១ខេត្ត/ក្រុងនៃប្រទេសចិន រួមមាន៖ រដ្ឋធានីប៉េកាំង ទីក្រុងសៀងហៃ ខេត្តស៊ីឈួន ខេត្តក្វាងទុង និងតំបន់ស្វយ័តក្វាងស៊ី ព្រមទាំងមកពីប្រទេសសមាជិកអាស៊ានផ្សេងទៀត។ សាលាទាំងនេះ គឺសុទ្ធតែជាជម្រើសដ៏ល្អសម្រាប់សិស្ស-និស្សិតកម្ពុជា-ថៃ ក៏ដូចជាបណ្ដាប្រទេសសមាជិកអាស៊ានដទៃទៀត។

លោក លី ជីនជុន ប្រធាននាយកដ្ឋានផ្លាស់ប្ដូរនិងសហប្រតិបត្តិការ នៃមន្ទីរអប់រំខេត្តក្វាងទុង បានចាត់ទុកពិព័រណ៍អប់រំនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្ដាប្រទេសសមាជិកអាស៊ាន ពិសេសលើវិស័យអប់រំ និងសិក្សាធិការ។

លោក លី ជីនជុន ប្រធាននាយកដ្ឋានសង្ឃឹមថា សិស្ស-និស្សិតកម្ពុជានឹងទទួលបានអាហារូបករណ៍កាន់តែច្រើនពីសាលានានានៅខេត្តក្វាងទុង និងខេត្ត/ក្រុងផ្សេងទៀតនៃប្រទេសចិន ហើយលោកក៏បានលើកទឹកចិត្តដល់សិស្ស-និស្សិតកម្ពុជាចូលទៅសាកសួរព័ត៌មាននៅតាមស្ដង់ពិព័រណ៍ទាំងឡាយ ក្នុងរយៈពេល២ថ្ងៃនេះ៕ អត្ថបទ៖ ឈឹម ទីណា
