កិច្ចប្រជុំក្រុមការងារពិសេសដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ថា្នក់ខេត្តប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣
សៀមរាប៖ មន្ទីរសុខាភិបាលខេត្តបានរៀបចំកិច្ចប្រជុំ ក្រុមការងារ ពិសេសដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ ខេត្តប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣ ។កិច្ចប្រជុំបាន ប្រព្រឹត្ត ទៅកាលពីរសៀលថ្ងៃទី ២២ ខែធ្នូ ក្នុងសាលប្រជុំ មន្ទីរសុខាភិបាល ដោយមានវត្តមានចូលរួមពី សំណាក់ លោក វេជ្ជបណ្ឌិត អៀប ប៊ុនលឿន អនុប្រធានមន្ទីរ សុខា ភិបាល ខេត្តសៀមរាបនិងមន្រ្តីជំនាញពាក់ព័ន្ធ មកពី បណ្តា អង្គភាពផ្សេងៗជាច្រើនរូប។

នៅក្នុងកិច្ចប្រជុំនោះ លោកវេជ្ជបណ្ឌិត អៀប ប៊ុនលឿន បានបញ្ជាក់ពីគោលបំណងនៃកិច្ចប្រជុំដើម្បីធ្វើបច្ចុប្បន្នភាពពីស្ថានភាពជំងឺគ្រុនចាញ់ សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តឈានទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ២០២៥ខាងមុខ។ ជាមួយនេះដើម្បីការពង្រឹងតួនាទី ក្រុមការងារពិសេស លុបបំបាត់ជំងឺគ្រុនចាញ់ និងអន្តរាគមន៍ក្នុងការឆ្លើយ តបទៅនឹងជំងឺគ្រុនចាញ់ឱ្យទាន់សភាពការណ៍។

លោកបញ្ជាក់ថា ពាក់ព័ន្ធនឹងជំងឺគ្រុនចាញ់នេះ បើ កើតមានទៅលើបុគ្គលណាម្នាក់ហើយ គឺមិន អនុញ្ញាត ឱ្យមន្ទីរពេទ្យឯកជនឬ គ្លីនិកឯកជន ណា ព្យាបាលឡើយ និងមិនត្រូវទុកអ្នកជំងឺឱ្យនៅកន្លែងរបស់ខ្លួនដែរ ត្រូវ បញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យរដ្ឋជាដាច់ខាត ទើបមានថ្នាំ ព្យាបាលចំពោះជំងឺគ្រុនចាញ់គ្រប់ប្រភេទនេះបាន ។

ប្រធានកម្មវិធីជម្ងឺគ្រុនចាញ់នៃមន្ទីរសុខាភិបាលខេត្ត លោក អ៊ីវ មករា បានបញ្ជាក់ថា យើងត្រូវចូលរួមទប់ ស្កាត់ជំងឺគ្រុនចាញ់នេះឱ្យបានទាំងអស់គ្នា។
លោកបន្តថាការលុប បំបាត់ជម្ងឺគ្រុនចាញ់ នៅ ឆ្នាំ២០២៥ មិនមែនមានតែនៅប្រទេសយើងទេ គឺស្ទើតែគ្រប់ ប្រទេស ទូទាំងពិភពលោក៕
ដោយ៖ ស៊ាន សុផាត

