បើកកិច្ចប្រជុំត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមបណ្ដាយព្រំដែនក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
ព្រះវិហារ៖ ឯកឧត្ដម សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួង ការពារជាតិ អនុប្រធានគណៈកម្មការចំពោះកិច្ច របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារទី២ នៃគណៈកម្មការបើកកិច្ច ប្រជុំពិនិត្យនិងដោះស្រាយបញ្ហា ដំណើរចេញចូលរបស់ ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា នៅ សាល ប្រជុំសាលាខេត្តព្រះវិហារ។

កិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អស់លោកជាអភិបាល រងខេត្ត មេបញ្ជាការ មេបញ្ជាការរង យោធភូមិភាគទី៤ ប្រចាំទិសទី២ និងទី៣ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត គឺដើម្បីពង្រឹងការ អនុវត្តការងាររបស់មន្ត្រីសមត្ថកិច្ចឈរ ជើងនៅតាមបណ្ដាយព្រំដែន ។

ឯកឧត្តម គីម រិទ្ធី ជម្រាបជូនអង្គប្រជុំថា ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តឧប៊ុនរាជធានី នៃព្រះ រាជាណាចក្រថៃ តែងតែមានជំនួបទ្វេ ភាគីរវាងប្រទេស ទាំងពីរជាបន្តបន្ទាប់ មិនថាថ្នាក់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ខេត្តនោះទេ សូម្បីថ្នាក់ស្រុក ឃុំក៏តែងតែជួប គ្នាជាញឹកញាប់និងផ្លាស់ប្តូរព័ត៌មានឱ្យគ្នានូវរាល់សភាពការណ៍និងបាតុភាពនានាដែលកើតមានតាមបណ្តោយព្រំដែនជាប្រចាំ ។

ជំនួបទាំងនោះបានធ្វើឱ្យទំនាក់ទំនងកាន់តែជិតស្និទ្ធបន្ថែមទៀត ដោយឈរលើមូលដ្ឋានចំណងមិត្តភាពជា ប្រពៃណី និងភាព ជាអ្នកជិតខាងល្អ។ប៉ុន្តែទោះបីជា ទំនាក់ ទំនងរវាងខេត្តទាំងពីរមានទំនាក់ទំនងល្អជិតស្និទ្ធនិងសម្រេចបាននូវលទ្ធផលរួមគ្នាជាច្រើនក៏ដោយក៏នៅមានចំណុចមួយចំនួនដែលទាមទារឱ្យភាគីទាំងពីរត្រូវបន្តអនុវត្ត។ពិសេសកិច្ចព្រមព្រៀងផ្សេងៗព្រមទាំងកំណត់ ហេតុកិច្ច សហប្រតិបត្តិការដែលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នា ។
ក្នុងឱកាសនេះឯកឧត្ដម សៀក សុជាតិ បានថ្លែងថាដោយ មើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋនិងដោយមានការសំណូមពរពីអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ នៅច្រកទ្វារ ព្រំដែន ឯកឧត្តមបានដាក់ចេញនូវវិធានការពាក់ព័ន្ធនឹង ការបើកដំណើរការឡើងវិញនូវច្រកព្រំដែនអានសេះ ដើម្បីជួយសម្រួលដល់ការឆ្លងដែនចេញចូលរបស់ប្រជាពលរដ្ឋនិងការដោះដូរទំនិញរវាងកម្ពុជា-ថៃ។ចំពោះច្រក របៀងទាំងអស់ក្នុងទឹកដីខេត្តព្រះវិហារ ត្រូវបិទមិនឱ្យ ដំណើរការទាំងអស់ជៀសវាងកុំឱ្យមានការឆ្លងដែនខុសច្បាប់ ។

ជាមួយគ្នានេះ ត្រូវកែសម្រួលការសាងសង់អគារដ្ឋបាល ច្រកចេញចូលតែមួយនៅច្រកទ្វារអានសេះដើម្បីជួយសម្រួល ដល់កងម្លាំងសមត្ថកិច្ចប្រចាំការនៅទីនោះ នឹង សង់លំនៅឋានជូនប្រជាពលរដ្ឋចំនួន៥៥គ្រួសារដែលរស់នៅច្រកទ្វារតំបន់ ព្រំដែនអានសេះ ដើម្បីជួយសម្រួលដល់ ពួកគាត់អាចសាងសង់លំនៅឋាននៅទីនោះបាន ។
បន្ថែមពីនេះអាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ នៅ តាម ច្រកទ្វារព្រំដែន ត្រូវសហការសម្របសម្រួលជាមួយ អាជ្ញាធរថៃ ដើម្បីសម្រួលភាពងាយស្រួលដល់ដំណើរ ចេញចូលរបស់ពលករខ្មែរ ហើយត្រូវផ្សព្វផ្សាយនិងលើក ទឹកចិត្តឱ្យប្រជាពលរដ្ឋ ចូលរួមសហការ និងរាយ ការណ៍ នូវរាល់ភាពមិនប្រក្រតីនានានៅតាមតំបន់ព្រំដែន និងតាមបណ្តាច្រកទ្វារព្រំដែនរវាង ប្រទេសទាំងពីរ៕
ដោយ៖សួន លីណា
