ម៉ិកស៊ិកបើកដំណើរការផ្លូវរថភ្លើងថ្មី ដោយរំពឹងថា នឹងស្រូបទាញការវិនិយោគពីអាស៊ី
ម៉ិចស៊ីកូ៖ ប្រទេសម៉ិកស៊ិក ក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានចាប់ផ្តើមប្រតិបត្តិការខ្សែរថភ្លើង ដែលឆ្លងកាត់ពីឆ្នេរឈូងសមុទ្រទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ដែលនេះជាការចាប់ផ្តើមគម្រោងដ៏លេចធ្លោរបស់រដ្ឋាភិបាល។
“ខ្សែរថភ្លើងអន្តរមហាសមុទ្រ” ដែលនឹងដឹកអ្នកដំណើរ និងទំនិញធ្វើដំណើររយៈពេលបីម៉ោងពីមជ្ឈមណ្ឌលឆ្នេរនៃ Coatzacoalcos ក្នុងរដ្ឋ Veracruz ទៅកាន់កំពង់ផែប៉ាស៊ីហ្វិកនៃទីក្រុង Salina Cruz គឺជាផ្នែកមួយនៃផែនការរបស់ប្រធានាធិបតីម៉ិកស៊ិក លោក អាន់ដ្រេស ម៉ានុយអែល ឡូប៉េស អូប្រាដ័រ ដើម្បីនាំយកការវិនិយោគទៅកាន់តំបន់ក្រីក្រនៅភាគខាងត្បូងនៃប្រទេស។
ថ្លែងក្នុងពិធីបើកដំណើរការខ្សែរត់ភ្លើងនេះ លោក ឡូប៉េស អូប្រាដ័រ បាននិយាយថា “ខ្សែរថភ្លើងអន្តរមហាសមុទ្រ” កំពុងបង្កើតជម្រើសជាច្រើន ហើយមានលទ្ធភាពដែលអាចទៅរួច ក្នុងការស្រូបទាញការធ្វើពាណិជ្ជកម្មជាមួយតំបន់អាស៊ីឱ្យកើនឡើងជាលំដាប់។
ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលម៉ិកស៊ិកបានដាក់ក្តីសង្ឃឹមថា គម្រោងខាងលើនេះ នឹងទាក់ទាញការវិនិយោគពីក្រុមហ៊ុនផលិតរថយន្ត, ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនផលិតបន្ទះឈីប (semiconductor) នៅក្នុងសួនឧស្សាហកម្មរាប់សិបនៅក្នុងតំបន់នេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា






