ប្រមុខអង្គការសហប្រជាជាតិអំពាវនាវជាថ្មី ឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់នៅហ្គាហ្សា

អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស អំពាវនាវសាជាថ្មីម្តងទៀត ឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់នៅតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខបានអនុម័តដំណោះស្រាយ ដែលទាមទារឱ្យភាគីទាំងអស់ នៅក្នុងជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស់ អនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងគ្មានការរារាំង។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសង្ខេបចុងឆ្នាំថា បទឈប់បាញ់មនុស្សធម៌ គឺជាមធ្យោបាយតែមួយគត់ ដើម្បីចាប់ផ្តើមបំពេញតម្រូវការដ៏អស់សង្ឃឹមរបស់ប្រជាជននៅតំបន់ហ្គាហ្សា និងបញ្ចប់សុបិន្តអាក្រក់ដែលកំពុងបន្តរបស់ពួកគេ។

លោក ហ្គូទែរេស បាននិយាយយ៉ាងដូច្នេះថា ខ្ញុំសូមជំរុញឱ្យអាជ្ញាធរអ៊ីស្រាអែលលុបចោលការរឹតបន្តឹងលើសកម្មភាពពាណិជ្ជកម្មជាបន្ទាន់។ យើងត្រៀមខ្លួនជាស្រេច ក្នុងការបង្កើនជំនួយជាសាច់ប្រាក់ដល់គ្រួសារងាយរងគ្រោះ ដែលជាទម្រង់ជំនួយមនុស្សធម៌ដ៏មានប្រសិទ្ធភាពបំផុត។ លោក ហ្គូទែរេស បានសង្កត់ធ្ងន់ថា បច្ចុប្បន្នមិនមានការការពារជនស៊ីវិលប្រកបដោយប្រសិទ្ធភាពទេ។ ការទម្លាក់គ្រាប់បែក និងប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែលនៅតែបន្ត។ ប្រជាជនប៉ាឡេស្ទីនជាង ២០,០០០នាក់ត្រូវបានសម្លាប់ ភាគច្រើនជាស្ត្រី និងកុមារ។

ប្រមុខអង្គការសហប្រជាជាតិរូបនេះបន្ថែមថា លោកមានការខកចិត្តជាខ្លាំងចំពោះការអត្ថាធិប្បាយរបស់មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ដែលបានដាក់ឱ្យដំណោះស្រាយរដ្ឋទាំងពីរជាចម្ងល់ បើទោះបីជាដំណោះស្រាយនេះ ស្របតាមដំណោះស្រាយរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ក៏ដូចជាកិច្ចព្រមព្រៀងពីមុន ដែលជាមធ្យោបាយតែមួយគត់ឆ្ពោះទៅរកសន្តិភាពប្រកបដោយនិរន្តរភាព៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner