សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យបេសកជនពិសេសនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ នៅវិមាន៧មករា ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុញ្ញាតឲ្យឯកឧត្តម Dato Ahmad Azam Bin Abrahman បេសកជនពិសេសនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម បេសកជន បាននាំនូវការសាកសួរសុខទុក្ខរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជូនសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងបានសំដែងនូវការកោតសរសើរ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ សាសនា ជាពិសេសអ្នកកាន់សាសនាមូស្លីមនៅកម្ពុជា និងបានផ្ដល់ឱកាសជាច្រើនដល់សហគមន៍ខ្មែរឥស្លាម នៅកម្ពុជា ។

ឯកឧត្តមបេសកជនពិសេសបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្នុងរយៈពេលកន្លងមកនេះ និងបានប្រែក្លាយពីប្រទេសកម្ពុជាពីចំណុចសូន្យ មកជាប្រទេសមានការរីកចម្រើនរស់រវើក ជាពិសេសទីក្រុងភ្នំពេញមានការរីកចម្រើន គួរជាទីមោទនៈនិងក្លាយជាទីក្រុងដ៏ទំនើប។

ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និង ម៉ាឡេស៊ី ត្រូវបានពង្រឹងនិងពង្រីកកាន់តែរឹងមាំថែមទៀត ហើយប្រទេសម៉ាឡេស៊ីបានអះអាងថា មិនអនុញ្ញាតឱ្យក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា យកទឹកដីម៉ាឡេស៊ីប្រើប្រាស់ ធ្វើនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានផ្ញើការសាកសួរសុខទុក្ខចំពោះសម្ដេច ។ តាមរយៈឯកឧត្តមបេសកជន សម្តេចតេជោ សូមពាំនាំនូវការសួរសុខទុក្ខរបស់សម្ដេច ជូនឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម វិញផងដែរ ។

នៅក្នុងឱកាសនេះ សម្ដេចតេជោបានជម្រាបជូនអំពីសភាពការណ៍ថ្មីៗ និងបទពិសោធន៍នៃដំណើរស្វែងរកសន្តិភាពរបស់កម្ពុជា ជូនចំពោះបេសកជនពិសេសនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា ។ សម្ដេចតេជោបានថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់សហគមន៍មូស្លីមនៅកម្ពុជា។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការប្ដេជ្ញាចិត្ត មិនអនុញ្ញាតឲ្យក្រុមជ្រុលនិយម ប្រើប្រាស់ទឹកដីដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner