គណៈប្រតិភូបក្សកុម្មុយនីស្តចិន ដែលចូលរួមពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន អញ្ជើញទស្សនាប្រាសាទតាកែវ និងប្រាសាទចៅសាយទេវតា នៅខេត្តសៀមរាប
(សៀមរាប)៖ បន្ទាប់ពីបានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាជាតិ សៀមរាបអង្គរ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ គណៈប្រតិភូបក្សកុម្មុយនីស្តចិន ដឹកនាំដោយ ឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលចូលរួមពិធីបើក ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន អញ្ជើញទស្សនាប្រាសាទតាកែវ និងប្រាសាទចៅសាយទេវតា នៅខេត្តសៀមរាប ។ ប្រាសាទតាកែវ មានទីតាំងស្ថិតក្នុងក្រុងអង្គរធំ ខេត្តសៀមរាប ។

សូមជម្រាបថា ក្រុមអ្នកជំនាញរបស់ប្រទេសចិន ដែលអនុវត្តន៍គំរោងជួសជុល និងអភិរក្សប្រាសាទតាកែវ អស់រយ:ពេល ៧ឆ្នាំ បានបញ្ចប់ជាស្ថាពរ ហើយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋាភិបាលចិន បានធ្វើពិធីប្រគល់-ទទួលជំនួយអំពីគំរោងជួសជុល និងអភិរក្សប្រាសាទតាកែវនេះ ជូនមករាជរដ្ឋាភិបាលកម្ពុជាជាផ្លូវការ ។

ជំនួយរបស់ចិន មិនមែនត្រឹមតែការជួសជុលប្រាសាទតាកែវមួយប៉ុណ្ណោះទេ គឺកាលពីឆ្នាំ២០០០ ចិនក៏ធ្លាប់បានជួសជុលប្រាសាទចៅសាយទេវតា ហើយបានបញ្ចប់កាលពីឆ្នាំ២០០៨ ដោយប្រើប្រាស់ថវិកាអស់ប្រមាណ១៤លានយ័ន។ បច្ចុប្បន្ននេះ អ្នកជំនាញចិនដែលសហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងតែសិក្សាគម្រោងជួសជុលព្រះបរមរាជវាំងអង្គរធំ ដែលគ្រោងនឹងប្រើរយ:ពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០១៩ -ឆ្នាំ២០២៩ ដោយគ្រោងចំណាយថវិកាប្រមាណ៩០លានយ័ន ហើយថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏ទើបទទួលបានមូលនិធិពិសេសចំនួន ៣៧៩,៤០០ដុល្លារអាមេរិក ពីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង សម្រាប់រយ:ពេល ២ឆ្នាំ ដែលនឹងចាប់អនុវត្តនៅចុងឆ្នាំ២០២២នេះ ដើម្បីអភិរក្ស និងជួសជុលស្ពានហាល ខាងកើតនៃប្រាសាទបេងមាលាផងដែរ។

ក្រៅពីតំបន់រមណីយដ្ឋានអង្គរ ប្រទេសចិនក៏ជាសហប្រធានជាមួយប្រទេសឥណ្ឌា នៅក្នុងគណ:កម្មាធិការ ICC -ព្រះវិហារ ដោយបានសិក្សាលើគម្រោងអភិរក្ស និងជួសជុលគោបុរ:ទី១, ទី២ និងទី៣ របស់ប្រាសាទព្រះវិហារ នៅលើជួរភ្នំដងរែកផងដែរ ។
ដោយឡែក ប្រាសាទចៅសាយទេវតា កសាងឡើងនៅចុងសតវត្សទី១១ ក្នុងរាជ្យ ព្រះបាទសូរ្យវរ្ម័នទី២ ។ ដ្បិតជាប្រាសាទតូច តែចៅសាយទេវតាមានក្បួន ក្បាច់ ចម្លាក់ ជាច្រើនមិនចាញ់ប្រាសាទធំប៉ុន្មានទេ និងមានស្ពានហាលដ៏ទាក់ទាញ នៅច្រកចូលខាងកើត ដែលទេសចរអាចផ្ដិតរូបភាពនៅទីនោះបាន ។ ប្រាសាទចៅ សាយទេវតា មានរូបរាងតូចច្រឡឹង មានចម្លាក់ក្បូរក្បាច់ល្អវិចិត្រ រស់រវើក បែរមុខ ទៅ ទិសខាងកើតសំដៅស្ទឹងសៀមរាប មានស្រះ២ និងគូទឹកព័ទ្ធជុំវិញ តែបច្ចុប្បន្ន ស្រះ និងគូទឹករីងស្ងួតស្ទើរគ្មានរូបរាងដែលជំនួសដោយដើមឈើ តូចធំជា ច្រើន ដុះក្នុងនោះ។

ប្រាសាទនេះត្រូវបានជួសជុលដោយស្ថាប័នរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA ចាប់ពីឆ្នាំ១៩៩៨ ហើយបញ្ចប់នៅឆ្នាំ២០០៨។ មុនពេលជួសជុល ប្រាសាទនេះមានសភាពខូចខាតច្រើន ទោះជាតួកណ្ដាលនិងតួខាងកើតមាន ស្ថានភាព នៅល្អក៏ដោយ ប៉ុន្តែដំបូលនិងតួផ្សេងទៀតបានបាក់បែកស្ទើរទាំងអស់។ ជើងចម្លាក់និងជញ្ជាំងមួយចំនួនទ្រេតនិងខុសពីកន្លែងដើម។ អ្នកជំនាញបារាំង បានជួសជុលតួខាងលិចក្នុងទសវត្សឆ្នាំ១៩៥០ ប៉ុន្តែជើងចម្លាក់នៅកន្លែង ផ្សេង ទៀត ខូចខាតតិចឬច្រើនដោយអន្លើ។
ការងារអភិរក្សនេះបានចំណាយពេលជិតមួយទសវត្ស ការខូចខាត និងគ្រោះថ្នាក់ នៅប្រាសាទចៅសាយទេវតាត្រូវបានដោះស្រាយទាំងស្រុង ថ្មដែលបាក់ធ្លាក់ បានរៀប ចូលកន្លែងដើម ចំណែកថ្មខ្លះទៀតក៏ត្រូវបានជួសជុលនិងពង្រឹងឡើងវិញ ឱ្យមានសភាពដូចដើមទៅតាមរចនាប័ទ្ម លក្ខណៈស្ថាបត្យកម្ម រចនាសម្ព័ន្ធ សម្ភារៈ សំណង់ និងបច្ចេកទេសសាងសង់៕
ដោយ ៖ វណ្ណលុក
