លោក Lai Ching te មកពីគណបក្សកាន់អំណាច ឈ្នះការបោះឆ្នោតប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់
តៃប៉ិ៖ បេក្ខភាពមកពីគណបក្សកាន់អំណាចតៃវ៉ាន់ លោក Lai Ching-te នៅយប់ថ្ងៃសៅរ៍សប្តាហ៍នេះ បានឈ្នះការបោះឆ្នោតប្រធានាធិបតីថ្មី ដោយលទ្ធផលរាប់សន្លឹកឆ្នោតបង្ហាញថា លោកបានទទួលសំលេងគាំទ្ររហូតដល់ ៤០.២ភាគរយ ខណៈដែលគូប្រជែងទាំងពីររបស់លោកបានទទួលស្គាល់ការបរាជ័យនៅចំពោះមុខអ្នកគាំទ្រផងដែរ។

ក្រោយការបោះឆ្នោតនៅកោះតៃវ៉ាន់បិទបញ្ចប់នៅវេលាម៉ោង ៤រសៀលថ្ងៃសៅរ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ការរាប់សន្លឹកឆ្នោតបានចាប់ផ្តើម។ បេក្ខភាពមកពីគណបក្សកាន់អំណាចតៃវ៉ាន់ លោក Lai Ching-te បានទទួលគាំទ្ររហូតដល់ ៤០.២ភាគរយ បន្ទាប់ពីការិយាល័យបោះឆ្នោតនៅទូទាំងកោះតៃវ៉ាន់ បានរាប់សន្លឹកឆ្នោតរួចរាល់ចំនួន ៩៨ភាគរយ នេះបើយោងតាមតួលេខពីគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាល។

លោក Lai និងបេក្ខភាពមួយរូបទៀត គឺលោកស្រី Hsiao Bi-khim ដែលជាអតីតអ្នកតំណាងតៃវ៉ាន់ប្រចាំនៅសហរដ្ឋអាមេរិក បានទទួលសម្លេងឆ្នោតសរុបជាង ៥លានសំលេង។ ទន្ទឹមគ្នា គូប្រជែងដ៏សំខាន់របស់លោក Lai គឺលោក Hou Yu-ih មកពីគណបក្ស Kuomintang ដែលជាបក្សប្រឆាំងដ៏ធំបំផុតនៅតៃវ៉ាន់ តាមពីក្រោយជាមួយនឹងសំលេងគាំទ្រចំនួន ៣៣.៤ភាគរយ។

ភ្លាមៗ បន្ទាប់ពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលជាបក្សកាន់អំណាចបច្ចុប្បន្នឈ្នះឆ្នោត, លោក Lai Ching-te ដែលជាប់មេដឹកនាំបន្ទាប់របស់តៃវ៉ាន់ បានប្តេជ្ញាថា នឹងការពារកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ ពី “ការបំភិតបំភ័យ” របស់ប្រទេសចិន។ លោក Lai បាននិយាយយ៉ាងដូច្នេះថា យើងប្តេជ្ញាការពារកោះតៃវ៉ាន់ ពីការគំរាមកំហែង និងការបំភិតបំភ័យពីប្រទេសចិន ហើយថា តៃវ៉ាន់នឹងឈរនៅខាងលទ្ធិប្រជាធិបតេយ្យ។

សូមជម្រាបផងដែរថា ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់បានចាប់ផ្តើមនៅវេលាម៉ោង៨ព្រឹកថ្ងៃសៅរ៍សប្តាហ៍នេះ ជាមួយនឹងអ្នកមានសិទ្ធិបោះឆ្នោតចំនួន ១៩.៥៤លាននាក់។ ក្រៅពីនេះ តៃវ៉ាន់ក៏នឹងត្រូវធ្វើការបោះឆ្នោតជ្រើសរើសសមាជិកសភាសម្រាប់អាណត្តិថ្មី ដែលមានសារៈសំខាន់ដូចគ្នាផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

