អ្នកស្រុកអង្គរ នឹងធ្វើពិធីចាប់ត្រីរួមគ្នា សម្រាប់ប្រារព្វពិធីឡើងមាឃ នៅថ្ងៃអាទិត្យសប្ដាហ៍នេះ

(សៀមរាប)៖ អាជ្ញាធរភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានឱ្យដឹងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ពិធីចាប់ត្រីរួមគ្នានៅក្នុងបឹងសហគមន៍ដើម្បីយកធ្វើម្ហូបអាហារសម្រាប់ពិធីឡើងមាឃ នឹងត្រូវឡើងនាថ្ងៃអាទិត្យទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងសប្ដាហ៍នេះ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានឱ្យដឹងថា ពិធីចាប់ត្រីរួមគ្នានេះ នៅក្នុងបឹងសហគមន៍ ដែលត្រូវបានអភិរក្ស ថែរក្សាដោយគណៈកម្មាការក្នុងភូមិ សម្រាប់យកធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុកនៅក្នុងពិធីឡើងមាឃនោះ ដែលប្រជាពលរដ្ឋរស់នៅភូមិបង្កោង បានប្រកាន់យ៉ាងខ្ជាប់ខ្ជួន តាំងពីបុរាណមកមិនដែលខកខានឡើយ។

លោកថា ពិធីចាប់ត្រីរួមគ្នានៅឆ្នាំ២០២៤នេះ មិនខុសប្លែកពីរាល់ៗឆ្នាំប៉ុន្មានឡើយ ដោយទឹកនៅក្នុងស្រះសហគមន៍សម្រាប់ឆ្នាំនេះហាក់មានការស្រកចុះច្រើន និងបង្កលក្ខណៈងាយស្រួលសម្រាប់ការចុះចាប់ត្រីរបស់បងប្អូននៅក្នុងភូមិ ប៉ុន្តែសម្រាប់ទិន្នផលត្រីវិញអាចនិងថយចុះជាងឆ្នាំមុន ខណៈដែលអ្នកភូមិ ក៏មានគម្រោងចូលរាប់ត្រីរួមគ្នាច្រើន ព្រោះថាឆ្នាំនេះ បើសិនមិនមានអ្វីប្រែប្រួលនោះទេ និងមានកម្មវិធីប្រគុំតន្ត្រីជូនបងប្អូនបានទស្សនាកម្សាន្តផងដែរ ។

សូមជម្រាបថា ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីបុណ្យឡើងមាឃ គឺជាប្រពៃណី ទំនៀមមួយ ដែលបងប្អូនក្នុងតំបន់អង្គរ បានប្រកាន់ភ្ជាប់យ៉ាងខ្ជាប់ខ្ជួននោះ តែងតែរួមគ្នាប្រារព្វធ្វើនៅក្នុងខែមាឃ ជារៀងរាល់ឆ្នាំតពីបុរាណកាលមកមិនដែលខកខានឡើយ។

ក្នុងពិធីចាប់ត្រីនោះ នៅពេលព្រឹកព្រលឹមស្រាងៗ ប្រជាពលរដ្ឋមានចាស់ ក្មេង ប្រុស ស្រីជាច្រើនរយនាក់ ក្នុងដៃមានកាន់ សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នា ដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញាផង។ មិនខុសពីរៀងរាល់ឆ្នាំប៉ុន្មានឡើយ គណៈកម្មការរៀបចំកម្មវិធី បានហ៊ុសម្រាស់មួយកន្លែងក្នុងផ្ទៃបឹង ដើម្បីទុកចាប់ត្រីរួមយកទៅធ្វើជាម្ហូបអាហារ និងធ្វើចង្ហាន់ប្រគេនព្រះសង្ឈនៅក្នុងពីធីឡើងមាឃ។ដោយឡែក ត្រីដែលរកបានពីបឹង ប្រជាពលរដ្ឋអាចយកទៅធ្វើជាម្ហូបលក្ខណៈគ្រួសារបាន។ អ្នកមានសិទ្ធិចាប់ត្រីពីក្នុងបឹងសហគមន៍នេះ អនុញ្ញាតឱ្យតែអ្នកភូមិបង្កោងតែប៉ុណ្ណោះ។ ប៉ុន្ដែក្រោយពីអ្នកភូមិបង្កោង បានធ្វើពិធីចាប់ត្រីរួមគ្នារួចហើយ ទើបអ្នកភូមិផ្សេងអាចមានសិទ្ធិមករកត្រីនៅបឹងនេះនៅថ្ងៃបន្ទាប់បាន ៕

ដោយ ៖ ស៊ាន សុផាត

ads banner