រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖វិទ្យុនៅតែជាមូលដ្ឋានគ្រឹះក្នុងការផ្តល់ព័ត៌មាន និងផ្តល់ភាពជឿជាក់ដល់មហាជន
ភ្នំពេញ៖ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា វិទ្យុជាប្រព័ន្ធផ្សព្វផ្សាយបុរាណពិតមែន តែវានៅតែមានតម្លៃខ្ពស់ ក្នុងការចូលរួមដើរតួនាទីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋហើយថែមទាំងបានចែកចាយក្នុងការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់។យើងមានតែវិទ្យុមួយក្នុងផ្ទះវាប្រៀបជាយើងមានអ្វីមួយក្នុងដៃក្នុងនេះរាប់ទាំងចម្រៀង ព័ត៌មាននិងអ្វីៗគ្រប់បែបយ៉ាង ដ៏សម្បូរបែប។
ថ្លែងក្នុងពិធីប្រារព្ធទិវាវិទ្យុពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ -មួយសតវត្សនៃវិទ្យុក្នុងការផ្តល់ព័ត៌មាន កម្សាន្ត និងអប់រំ” (Radio: A Century of Information, Entertaining and Education) នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តាបានបញ្ជាក់ថា ទោះក្នុងតម្លៃណាក៏ដោយវិទ្យុក៏នៅដើរតួនាយ៉ាងសំខាន់ ទោះបីប្រទេសរីកចម្រើនក៏ដោយក៏ចាំបាច់ត្រូវការវិទ្យុដើម្បីផ្សព្វផ្សាយផងដែរ។វិទ្យុនៅតែជាមូលដ្ឋានគ្រឹះក្នុងការផ្តល់ព័ត៌មានដល់មហាជន។ទាំងនេះផ្តើមចេញពីការផ្សព្វផ្សាយដោយប្រព័ន្ធផ្សាយទំនើបមួយចំនួនមិនបានផ្តល់ការជឿជាក់ដល់សំណាក់មហាជនឬយកជាការបាននោះ។

បើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានឱ្យដឹងថា ក្នុងថ្ងៃទី១៣ ខែកុម្ភៈគឺជាទិវាវិទ្យុពិភពលោក ,ថ្ងៃទី៣ ឧសភាទិវាសេរីភាពសារព័ត៌មានពិភពលោក,ថ្ងៃទី២៩ ខែមិថុនាគឺជាទិវាកាម៉ារា(ម៉ាស៊ីនថត)ជាតិ។ទាំងអស់នេះគឺមានប្រវត្តិរៀបចំរបស់គេដែរ។ថ្ងៃទី៣០ខែមិថុនាទិវាបណ្តាញសង្គមពិភពលោក។ថ្ងៃទី២៨ ខែកញ្ញា ទិវាអន្តរជាតិនៃសិទ្ធទទួលព័ត៌មានសាកល,ថ្ងៃទី២៥ ខែតុលាទិវាបោះពុម្ពអន្តរជាតិ,ថ្ងៃទី២៩ខែតុលា ទិវាអ៊ីនធើណេតអន្តរជាតិ,ថ្ងៃទី២១ ខែវិច្ឆិកាទិវាទូរទស្សន៍ពិភពលោក,សម្រាប់ព្រឹត្តិការណ៍ជាតិរបស់យើងវិញនៅថ្ងៃទី១១ និងទី១២ខែធ្នូ ជាវេទិការនិពន្ធនាយកជាដើម”។
ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា”អ្វីដែលក្រសួងព័ត៌មានគិតគូរបន្ថែមទៀត គឺវិទ្យុបណ្តាញ ដែលជាការពង្រាយកម្លាំងថ្ពក់គ្នាទៅវិញទៅមក។ខ្ញុំកំពុងឱ្យថ្នាក់ដឹកនាំវិទ្យុសិក្សាអំពីជម្រើសដើម្បីយើងបង្កើត។អ្វីដែលជាដំណើរការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយ ទំនើបរបស់យើង ក្នុងនេះពលរដ្ឋគាត់ចូលចិត្តស្តាប់វិទ្យុណាស់ តែយើងត្រូវធានាថាបើទោះបីប្រជាពលរដ្ឋគាត់មានជម្រើសផ្សេងក៏ដោយ រដ្ឋត្រូវតែមានភាពចាំបាច់ក្នុងការផ្តល់ព័ត៌មានឱ្យគាត់ដែរ។
ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថាបើតាមការកំណត់របស់អង្គការសហប្រជាតិបានបញ្ជាក់ថាវិទ្យុត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៦ ប៉ុន្តែតាមពិតទៅវិទ្យុផ្សាយសម្លេងនេះវាបានកើតឡើងតាំងតែពីចុងសតវត្សទី១៩ ពោលគឺអំឡុងឆ្នាំ១៨៨០ជាង។បើគិតជាឆ្នាំ វិទ្យុមានវត្តមាន១០០ឆ្នាំមកហើយដែលមានវត្តមានវិទ្យុលើពិភពលោក ហើយបានផ្តល់ព័ត៌មានដល់មហាជន។ដោយឡែកនៅកម្ពុជាវិទ្យុត្រូវបានគេកំណត់កើតឡើងនៅអំឡុងខែឧសភា ឆ្នាំ១៩៤៧ពោលគឺស្ថិតនៅក្នុងរបបអាណានិគមបារាំង។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ពីបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយត្រូវបានបែងចែកជាពីរប្រភេទ។គឺប្រភេទបុរាណ និង ប្រភេទទំនើប។សម្រាប់ប្រភេទបុរាណគឺ វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី និងសារទូរលេខជាដើម។បច្ចុប្បន្នពលរដ្ឋភាគច្រើនបានយកព័ត៌មានតាមបែបលក្ខណៈទំនើបវិញ។ក្នុងនេះសំដៅដូចជា ហ្វេសប៊ុក តិកតុក យូធូបជាដើម។ទោះបីយ៉ាងណាគេចោទសួរថា ប្រព័ន្ធផ្សព្វផ្សាយបុរាណបាត់បង់តួនាទីឬក៏អត់ ?និងលែងដើរតួនាទីសំខាន់ឬក៏អត់?។

ឯកឧត្តមបន្តថា បើយើងក្រឡេកមើលប្រព័ន្ធផ្សព្វផ្សាយទំនើបកាន់តែវាយលុកឡើង ផ្ទុយមកវិញប្រព័ន្ធផ្សព្វផ្សាយបែបបុរាណប្រឹងរស់។ក្នុងនេះប្រព័ន្ធផ្សព្វផ្សាយបែបបុរាណមួយចំនួនមិនបានស្វែងយល់និងការវិវឌ្ឍនៃដំណើរបច្ចេកវិទ្យាព័ត៌មាន ត្រូវបានបិទទ្វារក្នុងពេលដែលគ្មានចំណូលពាណិជ្ជកម្ម។និន្នាការនេះមិនត្រឹមតែនៅកម្ពុជាទេគឺបរទេសដូចគ្នា។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថាប្រព័ន្ធផ្សព្វផ្សាយបុរាណត្រូវតែធ្វើការកែប្រែទៅតាមយុគសម័យថ្មីដែលនេះជាជម្រើសមួយសម្រាប់បម្រើដល់មហាជន បើពុំនោះនឹងជួបនូវការបិទទ្វារឬប្រឈមនឹងគ្មានការផ្សព្វផ្សាយពាណិជ្ជកម្ម។
ប្រព័ន្ធផ្សព្វផ្សាយបុរាណត្រូវតែរក្សាទុកដូចជាក្រសួងព័ត៌មានបច្ចុប្បន្នបានរក្សាទុកនូវប្រព័ន្ធផ្សព្វផ្សាយបែបបុរាណដែលជាការមួយសម្រាប់បម្រើដល់មហាជន។យ៉ាងណាក្តីវិទ្យុ និងបណ្តាញផ្សព្វផ្សាយបែបបុរាណដទៃទៀតចាំបាច់ណាស់ត្រូវតែធ្វើការទំនើបកម្មដើម្បីបម្រើដល់សាធារណៈជន។ជាមួយគ្នានេះក៏ត្រូវផ្តល់នូវព័ត៌មានជឿជាក់ដល់មហាជនដែរ ដែលនេះគឺជារឿងមួយដ៏សំខាន់ក្នុងការផ្តល់ព័ត៌មានពិតដល់ពួកគាត់៕



ដោយ៖ម៉ាដេប៉ូ