សហរដ្ឋអាមេរិកចោទថា រុស្ស៊ីកំពុងអភិវឌ្ឍអាវុធប្រឆាំងផ្កាយរណប
វ៉ាស៊ីនតោន៖ សេតវិមាន ក្នុងថ្ងៃព្រហស្បតិ៍នេះ និយាយថា រុស្ស៊ីកំពុងផលិតអាវុធនុយក្លេអ៊ែរបាញ់ទៅលំហ ដើម្បីប្រឆាំងគោលដៅផ្កាយរណបអាមេរិក ដែលរឿងនេះ ពិតជាបង្កឲ្យមានការព្រួយបារម្ភផ្នែកសន្តិសុខខ្លាំងនៅសហរដ្ឋអាមេរិក ប៉ុន្តែមិនបង្កការគំរាមកំហែងភ្លាមៗដល់មនុស្សជាតិលើផែនដីនោះទេ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមានថា ខ្ញុំអាចបញ្ជាក់បានថា សព្វាវុធដែលរុស្ស៊ីកំពុងអភិវឌ្ឍនេះ អាចមានសមត្ថភាពប្រឆាំងផ្កាយរណបនៅទីអវកាស។ អាវុធប្រភេទនេះមិនទាន់រួចរាល់ទេ ប៉ុន្តែវាអាចធ្វើឲ្យបណ្តាញផ្កាយរណបដ៏សំខាន់របស់សហរដ្ឋអាមេរិក ស្ថិតក្នុងគ្រោះថ្នាក់។
ក្រោយទទួលបានដំណឹងនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាឱ្យមន្រ្តី ទាក់ទងទៅភាគីរុស្ស៊ី អំពីអាវុធប្រភេទនេះ។ ជុំវិញបញ្ហានេះដែរ ភាគីខាងរុស្ស៊ីបានចេញមុខបដិសេធ ដោយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រាប់សារព័ត៌មាន TASS ថា នេះគឺជាការប្រឌិត និងគ្រាន់ជាល្បិចរបស់សេតវិមាន ក្នុងគោលបំណងបំភ័យឲ្យសមាជិកសភាអាមេរិក អនុម័តកញ្ចប់ជំនួយសង្រ្គាមអ៊ុយក្រែន ដែលមានតម្លៃរាប់ពាន់លានដុល្លារ ដែលជាប់គាំងនៅក្នុងសភា។
សូមរម្លឹកថា សហរដ្ឋអាមេរិក រុស្ស៊ី និងចិន សុទ្ធជាប្រទេសមានសមត្ថភាពវាយប្រហារផ្កាយរណបជុំវិញពិភពលោក ប៉ុន្តែពួកគេមិនអាចធ្វើបែបនេះបានទេ ត្បិតប្រទេសទាំង៣ គឺហត្ថលេខីនៃសន្ធិសញ្ញាអវកាសខាងក្រៅឆ្នាំ ១៩៦៧ ដែលហាមឃាត់ប្រទេសណាមួយពីការបញ្ជូនវត្ថុមានផ្ទុកអាវុធនុយក្លេអ៊ែរ ឬប្រភេទអាវុធប្រល័យលោក ចូលទៅក្នុងគន្លងអវកាស៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា