អ្នកកាសែត ៩៩នាក់ត្រូវបានសម្លាប់នៅឆ្នាំ ២០២៣ ក្នុងនោះ ៧៧នាក់ស្លាប់ក្នុងសង្គ្រាមហ្គាហ្សា
ហ៊្សេរុយសាឡឹម៖ គណៈកម្មាធិការការពារអ្នកកាសែត (CPJ) ក្នុងថ្ងៃព្រហស្បតិ៍នេះ និយាយថា ក្នុងឆ្នាំ ២០២៣ អ្នកសារព័ត៌មាន ៩៩នាក់ត្រូវបានសម្លាប់ ក្នុងនោះមានអ្នកកាសែត ៧៧នាក់បានស្លាប់ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលនេះជាការស្លាប់អ្នកកាសែតច្រើនបំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍។
គណៈកម្មាធិការការពារអ្នកកាសែត (CPJ) បានរាយការណ៍ថា ក្នុងចំណោមអ្នកកាសែតទាំង ៧៧នាក់ ដែលត្រូវបានសម្លាប់ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងនោះជនជាតិប៉ាឡេស្ទីន ៧២នាក់, ជនជាតិលីបង់ ៣នាក់ និងជនជាតិអ៊ីស្រាអែល ២នាក់។
នាយកប្រតិបត្តិ CPJ លោក Jodie Ginsberg និយាយថា អ្នកសារព័ត៌មាននៅហ្គាហ្សាកំពុងធ្វើជាសាក្សីនៅសមរភូមិជួរមុខ ហើយការបាត់បង់ជីវិតអ្នកកាសែតប៉ាឡេស្ទីនយ៉ាងច្រើននៅក្នុងសង្រ្គាមនេះ នឹងមានផលប៉ះពាល់រយៈពេលវែងដល់វិស័យសារព័ត៌មាន មិនត្រឹមតែក្នុងទឹកដីប៉ាឡេស្ទីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងតំបន់ និងលើសពីនេះ។
គណៈកម្មាធិការការពារអ្នកកាសែត (CPJ) បានសង្កត់ធ្ងន់ថា ការសម្លាប់អ្នកកាសែតនឹងធ្លាក់ចុះជាសាកលពីមួយឆ្នាំទៅមួយឆ្នាំ ប្រសិនបើមិនមានករណីស្លាប់នៅក្នុងជម្លោះនោះទេ បើទោះបីជាករណីស្លាប់អ្នកកាសែតនៅតែមានស្ថេរភាពនៅក្នុងប្រទេសសូម៉ាលី និងហ្វីលីពីនក៏ដោយ។ ចំនួនអ្នកកាសែតស្លាប់ខ្ពស់បំផុត គឺគិតចាប់តាំងពីឆ្នាំ ២០១៥ ដែលកើនឡើងរហូតជិត ៤៤ភាគរយ៕


ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា