អ៊ីស្រាអែលទាត់ចោលការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
ហ៊្សេរុយសារឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលផែនការទទួលស្គាល់របស់អន្តរជាតិចំពោះរដ្ឋប៉ាឡេស្ទីនមួយ ដោយអះអាងថា គំនិតផ្ដួចផ្ដើមបែបនេះ គឺប្រៀបដូចជាការផ្ដល់រង្វាន់ឱ្យក្រុមភេរវករ។
កាសែត Washington Post ដោយផ្អែកលើក្រុមមន្ត្រីការទូតអាមេរិក និងអារ៉ាប់ជាច្រើននាក់ បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយបណ្ដាប្រទេសអារ៉ាប់ជាច្រើន ស្ដីពីផែនការសន្តិភាពគ្រប់ជ្រុងជ្រោយយូរអង្វែងមួយរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ផែនការសន្តិភាពនេះ ក៏មានរួមបញ្ចូលទាំងការកំណត់រយៈពេលជាក់លាក់មួយ ដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនផងដែរ។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបង្ហោះសារនៅលើបណ្តាញសង្គម X ដោយបានច្រានចោលផែនការនេះ ហើយបញ្ជាក់ថា អ៊ីស្រាអែលនឹងបន្តបដិសេធការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយឯកតោភាគី។ លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ការទទួលស្គាល់របៀបនេះ បន្ទាប់ពីការសម្លាប់រង្គាលកាលពីថ្ងៃទី៧ ខែតុលា នឹងក្លាយជាការផ្ដល់រង្វាន់ដល់ក្រុមភេរវករ និងរារាំងដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយនៅពេលអនាគត។


បើតាមកាសែត Washington Post ផែនការខាងលើ នឹងចាប់ផ្ដើមជាមួយបទឈប់បាញ់មួយសម្រាប់តំបន់ហ្គាហ្សា ដែលត្រូវបានគេរំពឹងថា មានរយៈពេល ៦សប្ដាហ៍។ បន្ថែមលើនេះ ក្រុមមន្រ្តីសង្ឃឹមថា កិច្ចព្រមព្រៀងមួយអាចនឹងត្រូវសម្រេចឡើង នៅមុនអ្នកកាន់សាសនាអ៊ីស្លាមនៅទូទាំងពិភពលោក ចាប់ផ្ដើមអនុវត្តការតមអាហារក្នុងខែ Ramadan នៅថ្ងៃទី១០ ខែមីនាខាងមុខ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា