លោក ពូទីន សាទរសន្ទុះផលិតរថក្រោះរបស់រុស្ស៊ី
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃព្រហស្បតិ៍នេះ បានចុះត្រួតពិនិត្យរោងចក្រផលិតរថពាសដែក Uralvagonzavod នៅតំបន់ Ural នៃទីក្រុង Nizhny Tagil ជាកន្លែងដែលលោកសាទរដល់កម្មករ ចំពោះអ្វីដែលលោកអះអាងថា ការផលិតរថក្រោះកើនឡើងជាងមុន៥ដង ចាប់តាំងពីបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
អំឡុងបំពេញទស្សនកិច្ចរោងចក្រផលិតរថពាសដែក លោក ពូទីន បានគូសបញ្ជាក់ថា ការផលិតរថពាសដែក ដែលរុស្ស៊ីកំពុងផលិតបានកើនឡើង ៧ដង, ការផលិតរថក្រោះ កើនឡើង ៥ដង ខណៈដែលការផលិតរថពាសដែកប្រភេទផ្សេងៗគ្នាវិញ កើនឡើងជាង ៣.៥ដង។
លោក ពូទីន បន្ថែមថា រុស្ស៊ីបានធ្វើទំនើបកម្មរថក្រោះ T-62, T-72 ដែលជារថក្រោះបង្កើតឡើងកាលពីសម័យសូវៀតរួចរាល់ហើយ ដោយពួកវានឹងត្រូវផ្លាស់ប្តូរជាមួយការបំពាក់បច្ចេកវិទ្យាទំនើបថ្មីៗ រួមទាំងប្រភេទរថក្រោះដែលរុស្ស៊ីកំពុងផលិត មានដូចជា T-90 ដែលជារបកគំហើញថ្មី។
លោក ពូទីន បានអះអាងថា ពួកវាជារថក្រោះល្អបំផុតនៅលើពិភពលោក… វាមិនមែនជាការនិយាយបំផ្លើសនោះទេ… នេះជាអ្វីដែលអ្នកបើករថក្រោះរបស់យើងនិយាយ ហើយសត្រូវក៏ដឹងដែរ ដូច្នេះយើងត្រូវបន្តអភិវឌ្ឍវាបន្ថែមទៀត។
យោងតាមវិទ្យាស្ថានអន្តរជាតិ ដើម្បីការសិក្សាយុទ្ធសាស្រ្ត ហៅកាត់ថា (IISS) បានឱ្យដឹងនាពេលថ្មីៗនេះថា ប្រទេសរុស្ស៊ីបានបាត់បង់រថពាសដែកជាង ៣,០០០គ្រឿងក្នុងឆ្នាំ ២០២៣ និងជិត ៨,៨០០គ្រឿង ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា