សម្ព័ន្ធមិត្តធំៗរបស់សហរដ្ឋអាមេរិក ជំរុញជាថ្មីឱ្យអ៊ីស្រាអែលឈប់វាយលុកទីក្រុង Rafah

ឡុងដ៍៖ សម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិក ក្នុងថ្ងៃសុក្រនេះ បានចេញការអំពាវនាវជាថ្មីទៅកាន់អ៊ីស្រាអែល ដើម្បីសម្តែងការប្រឆាំងនឹងការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុង Rafah ដែលស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សា។

អង់គ្លេស អូស្ត្រាលី កាណាដា និងនូវែលសេឡង់ បានរួមគ្នាធ្វើការជំរុញអ៊ីស្រាអែល បញ្ឈប់ការវាយលុកលើទីក្រុង Rafah ជាទីដែលប្រជាជនប៉ាឡេស្ទីនជិត ១.៥លាននាក់កំពុងភៀសខ្លួនទៅជ្រកកោណនៅទីនោះ។ ជាមួយគ្នានេះ ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេសបាននិយាយថា លោក រីសស៊ី ស៊ូណាក់ បានប្រាប់មេដឹកនាំអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ តាមទូរស័ព្ទថា ចក្រភពអង់គ្លេសមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់ផ្នែកមនុស្សធម៌ដ៏ធ្ងន់ធ្ងរ កើតចេញពីការលុកលុយយោធារបស់អ៊ីស្រាអែលចូលទៅក្នុងទីក្រុង Rafah។

ការអំពាវនាវរបស់សម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិកខាងលើនេះ កើតឡើងស្របពេលក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សចំនួន ១១២នាក់នៅព្រឹកថ្ងៃសុក្រនេះ នៅទូទាំងទឹកដីប៉ាឡេស្ទីន។ ចំណែកកងទ័ពអ៊ីស្រាអែលវិញ ក៏បានរាយការណ៍ពីការស្លាប់ទាហានម្នាក់ទៀតរបស់ខ្លួននៅហ្គាហ្សា នៅព្រឹកថ្ងៃសុក្រនេះផងដែរ នាំឱ្យតួលេខទាហានអ៊ីស្រាអែលដែលត្រូវបានសម្លាប់ក្នុងប្រតិបត្តិការជើងគោកកើនដល់ ២៣៣នាក់។

មនុស្សរាប់សែននាក់ត្រូវបានរុញច្រានចូលទៅក្នុងទីក្រុង Rafah ដើម្បីស្វែងរកទីជំរកនៅក្នុងជំរុំបណ្តោះអាសន្នដ៏ធំទូលាយមួយនៅជិតព្រំដែនប្រទេសអេហ្ស៊ីប។ ទីក្រុង Rafah ឥឡូវនេះបានរ៉ាប់រងជាងពាក់កណ្តាលនៃចំនួនប្រជាជននៅតំបន់ហ្គាហ្សា ដែលបង្ខំចិត្តភៀសខ្លួនចេញពីការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នេះបើតាមទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA)៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner