រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បង្កើតវិទ្យុសំឡេងប្រជាជនកម្ពុជា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៧៨ ខណៈការកកើតវិទ្យុដំបូងនៅកម្ពុជាក្នុងឆ្នាំ១៩៤៦
(ភ្នំពេញ)៖ វិទ្យុសំឡេងប្រជាជនកម្ពុជាត្រូវបង្កើតឡើងជាថ្មីនៅថ្ងៃអាទិត្យទី៣ ខែធ្នូ ឆ្នាំ១៩៧៨ វេលាម៉ោង ៦ ព្រឹកពោល គឺ មួយថ្ងៃបន្ទាប់ពីការបង្កើត រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ដើម្បីរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពតរួចមកនោះ ។ ដោយ ឡែកចំពោះការកកើតវិទ្យុដំបូងនៅកម្ពុជាវិញគឺនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧ ក្នុងរបបអាណានិគមបារាំង ។
គួរបញ្ជាក់ថាការបញ្ចេញឱ្យដឹងបែបនេះធ្វើឡើងពីសំណាក់ ឯកឧត្តម តន់ យ៉ាន រដ្ឋលេខាធិការក្រសួងព័ត៌មានក្នុងពិធីប្រារព្ធទិវាវិទ្យុពិភពលោក ឆ្នាំ២០២៤ ក្រោម ប្រធានបទ មួយសតវត្សនៃវិទ្យុក្នុងការផ្តល់ព័ត៌មាន កំសាន្ត និងអប់រំ” (Radio: A Century of Information, Entertaining and Education)នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្ដីការក្រសួងព័ត៌មាន ។
បញ្ជាក់ក្នុងបទបង្ហាញរដ្ឋលេខាធិការក្រសួងព័ត៌មានបានឱ្យដឹងដែរថា ចំពោះស្ថាបនិកអ្នកបង្កើតវិទ្យុសំឡេងប្រជាជនកម្ពុជាឡើងរួមមានមានដូចជា៖លោក សាយ ភូថង,លោក ជា សុទ្ធ,លោក កែវ ចិន្តា,លោក ជ័យ សុភា,លោក អ៊ុន តារា (អ៊ុន ស៊ីលី)។ ដោយឡែកសម្រាប់អ្នកអានដំបូងសម័យនោះមានដូចជា ៖លោក ខ្វាន់ ចន្ទី, លោកស្រី កែន សុវណ្ណ, លោកស្រី ព្រំ ចាន់ថន ។

ឯកឧត្តមបានថ្លែងបញ្ជាក់បន្ថែមថា ក្រសួងព័ត៌មាន ឆ្នាំនេះបានផ្តោតទៅលើតួនាទី របស់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណីរាប់ទាំងវិទ្យុផងដែលជាភ្នាក់ងារផ្តល់ព័ត៌មាន ការប្រាស្រ័យទាក់ទង ការអប់រំ និងការកំសាន្ត ព្រមទាំងលើកតម្កើងនូវគុណតម្លៃ របស់ វិទ្យុ ក្នុងការបណ្តុះស្មារតី មនសិការ និងមោទកភាពជាតិ លើកកម្ពស់វប្បធម៌ ប្រពៃណី ព្រមទាំងកសាងការពារសន្តិភាព និងអត្តសញ្ញាណជាតិ។
ជាមួយគ្នានេះ ឯកឧត្តម តន់ យ៉ាន បានថ្លែងថាការបង្កើតវិទ្យុតាមខេត្តគឺដើម្បី ផ្សព្វ ផ្សាយ បានគ្របដណ្តប់ទូទាំងប្រទេសសំដៅធ្វើយ៉ាងណាឱ្យពលរដ្ឋទទួលបានព័ត៌មាន គ្រប់ទីកន្លែងពីព្រោះថាវិទ្យុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយដំណឹងដល់ពលរដ្ឋគ្រប់ទីកន្លែងមិនថាទីក្រុងឬតាមទីជនបទទេ។
ឯកឧត្តមបានលើកឡើងដែរថា៖វិទ្យុផ្សាយសំឡេងជាឧបករណ៍សារគមនាគមន៍ មានឥទ្ធិពល និងវិសាលភាពទូលំទូលាយ។ការផ្សាយសំឡងរបស់ វិទ្យុបាន វិវត្តខ្លួន គ្រប់សម័យកាល ហើយក្លាយជាមធ្យោបាយយ៉ាងមានប្រសិទ្ធភាព ក្នុងការផ្តល់ ព័ត៌មាន សំខាន់ៗទាក់ទងនឹងនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ រអប់រំ និងការ កំសាន្តតាមសម័យកាលនីមួយៗ ។ ក្រៅពីនេះវិទ្យុជាកាសែតផ្សាយសំឡេង ផ្សាយពាក្យពេចន៍ មតិ វោហាសាស្ត្រ សូរស័ព្ទ តូរ្យតន្ត្រី បុរាណ សម័យ ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា ៖ ”ទោះក្នុងតម្លៃណា ក៏ដោយវិទ្យុក៏នៅដើរតួនាទីយ៉ាងសំខាន់ ទោះបីប្រទេសរីកចម្រើនក៏ដោយ ក៏ចាំ បាច់ត្រូវការវិទ្យុដើម្បីផ្សព្វផ្សាយ”។

ឯកឧត្តមបញ្ជាក់ជុំវិញបញ្ហានេះថា៖វិទ្យុនៅតែជាមូលដ្ឋានគ្រឹះក្នុងការផ្តល់ព័ត៌មាន ដល់ មហាជន។ទាំងនេះផ្តើមចេញពីការផ្សព្វផ្សាយដោយប្រព័ន្ធផ្សាយ ទំនើបមួយ ចំនួនមិនបានផ្តល់ការជឿជាក់ដល់សំណាក់មហាជនឬយកជាការបាននោះ។
ឯកឧត្តមានប្រសាសន៍ដោយបញ្ជាក់ថាក្រៅពីកងទ័ពរំដោះរណសិរ្សកម្ពុជាបង្កើតវិទ្យុជាតិកម្ពុជាផ្សព្វផ្សាយគេក៏ឃើញក្រុមខ្មែរក្រហមក៏បានបង្កើតវិទ្យុចល័តរបស់ខ្លួនផងដែរ។ក្រុមចលនារំដោះខ្មែរខ្លះទៀតក៏បានបង្កើតវិទ្យុដើម្បីផ្សព្វផ្សាយទៅលើក្រុមខ្លួនដូចគ្នា។ទាំងនេះបង្ហាញថាបណ្តាញសារព័ត៌មានគឺជាចលនាមួយយ៉ាងសំខាន់ដែលមិនអាចខ្វះបានទេ។
ឯកឧត្តម នេត្រ ភក្រ្តាបានថ្លែងដោយបញ្ជាក់ថាមូលហេតុដែលបង្កើតវិទ្យុផ្សព្វផ្សាយព័ត៌មានព្រោះវាជារឿងមួយសំខាន់មិនអាចខ្វះបាន។ក្រៅពីគ្រប់គ្រងកងទ័ពគេក៏ត្រូវគ្រប់គ្រងព័ត៌មានផងដែរ។ការគ្រប់គ្រងព័ត៌មានបានគឺមានន័យថាយើងទទួលបានជោគជ័យ៥០ភាគរយទៅហើយ។
គួរបញ្ជាក់ថាបើតាម ឯកឧត្តម នេត្រ ភក្រ្តាបានលើកឡើងពីបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយត្រូវបានបែងចែកជា២ប្រភេទគឺប្រភេទបុរាណ និងប្រភេទទំនើប។សម្រាប់ប្រភេទបុរាណគឺវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី និងសារទូរលេខជាដើម។ ដោយឡែកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយបែបទំនើបមានដូចជា ហ្វេសប៊ុក តិកតុក តេឡេក្រាម យូធូប និង វើបសាយជាដើម ៕


អត្ថបទ៖ម៉ាដេប៉ូ
រូបភាព៖លោក រិន រចនា