ជប៉ុនជោគជ័យបាញ់បង្ហោះគ្រាប់រ៉ុក្តែតជំនាន់ថ្មី

តូក្យូ៖ ទីភ្នាក់ងារអវកាសជប៉ុន ក្នុងថ្ងៃសៅរ៍នេះ បានទទួលជោគជ័យ ក្នុងការបង្ហោះគ្រាប់រ៉ុក្កែតជំនាន់ថ្មីរបស់ខ្លួន ដែលនេះជាការប៉ុនប៉ងលើកទី៣ហើយសម្រាប់គ្រាប់រ៉ុក្តែត H3 ក្រោយពន្យារពេលជាច្រើនឆ្នាំ និងបានបរាជ័យពីរលើកកន្លងមក។

មន្ត្រីទីភ្នាក់ងារអវកាសជប៉ុនចាសា (JAXA) និយាយថា គ្រាប់រ៉ុក្កែត H3 ដែលជារ៉ុក្តែតអវកាសដឹកជញ្ជូនធុនមធ្យមស៊េរីថ្មី ត្រូវបានបាញ់បង្ហោះម៉ោងប្រមាណ ៩និង៣០នាទីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ចេញពីមជ្ឈមណ្ឌលអវកាស តាណេហ្កាស៊ីម៉ា (Tanegashima) នៅភាគនិរតីនៃប្រទេសជប៉ុន ទៅកាន់គន្លងតារាវិថីដោយជោគជ័យ។

ដោយបង្កើតឡើងក្រោមកិច្ចសហការរវាងទីភ្នាក់ងារ JAXA និង Mitsubishi Heavy Industries គ្រាប់រ៉ុក្តែត H3 គឺជាអ្នកស្នងតំណែងគ្រាប់រ៉ុក្តែត H-IIA ដែលបានបង្ហាញខ្លួននៅឆ្នាំ ២០០១។ គ្រាប់រ៉ុក្កែត H3 គឺជាគ្រាប់រ៉ុក្កែតដ៏ធំដំបូងគេបង្អស់ ដែលប្រទេសជប៉ុនបានអភិវឌ្ឍក្នុងរយៈពេល ៣០ឆ្នាំ។ គម្រោងនេះត្រូវចំណាយប្រាក់ជាង ២០០ពាន់លានយ៉េន ឬប្រហែល ១,៣៣ពាន់លានដុល្លារ។

សូមជម្រាបថា គ្រាប់រ៉ុក្កែត H3 ត្រូវបានអភិវឌ្ឍឡើង ដើម្បីដឹកជញ្ជូនផ្កាយរណបរបស់រដ្ឋាភិបាល និងស្ថាប័នស៊ីវិលឡើងទៅកាន់គន្លងអវកាស ក៏ដូចជាដើម្បីនាំយកសម្ភារផ្គត់ផ្គង់ផ្សេងៗ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ក្នុងតម្លៃមួយដែលមានលក្ខណៈប្រកួតប្រជែងក្នុងទីផ្សារ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner