IAEA ព្រួយបារម្ភខ្លាំង ជុំវិញផែនការនុយក្លេអ៊ែរអ៊ីរ៉ង់
ហ្ស៊ឺណែវ ៖ អង្គការឃ្លាំមើលអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ក្នុងថ្ងៃអង្គារ បានសម្តែងការព្រួយបារម្ភជាខ្លាំង ពាក់ព័ន្ធនឹងសមត្ថភាពរបស់ប្រទេសអ៊ីរ៉ង់ ក្នុងការផលិតអាវុធនុយក្លេអ៊ែរ នេះបើយោងតាមរបាយការណ៍សម្ងាត់ ដកស្រង់ចុះផ្សាយដោយសារព័ត៌មាន AFP។
នៅមុនកិច្ចប្រជុំគណៈអភិបាលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅសប្តាហ៍ក្រោយ ប្រធានទីភ្នាក់ងារនេះ លោក Rafael Grossi បានរំលឹកឡើងវិញនូវការអំពាវនាវរបស់គាត់ដល់ប្រទេសអ៊ីរ៉ង់ សហការឱ្យបានពេញលេញ និងច្បាស់លាស់ជាមួយភ្នាក់ងារ IAEA។ លោក Grossi បាននិយាយនៅក្នុងរបាយការណ៍ប្រចាំត្រីមាសសម្ងាត់ថា មានតែតាមរយៈការចូលរួមប្រកបដោយន័យស្ថាបនា និងអត្ថន័យប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហានានាបាន។
ភាពតានតឹងរវាងអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានផ្ទុះឡើងម្តងហើយម្តងទៀត ចាប់តាំងពីកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលមានគោលបំណងទប់ស្កាត់កម្មវិធីអភិវឌ្ឍនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ត្រូវបានទុកចោលកាលពីឆ្នាំ២០២២។ តួយ៉ាង ប៉ុន្មានឆ្នាំថ្មីៗនេះ អ៊ីរ៉ង់បានកាត់បន្ថយកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីភ្នាក់ងារ IAEA ដោយបានបិទឧបករណ៍ឃ្លាំមើល សម្រាប់ការត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែរ និងរារាំងអ្នកត្រួតពិនិត្យរបស់ IAEA ក្នុងចំណោមវិធានការផ្សេងៗទៀត។
ទន្ទឹមគ្នា អ៊ីរ៉ង់បានបង្កើនកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយឥឡូវនេះមានសម្ភារៈគ្រប់គ្រាន់សម្រាប់ផលិតគ្រាប់បែកបរមាណូជាច្រើន។ នៅក្នុងរបាយការណ៍សម្ងាត់ដាច់ដោយឡែកមួយ ដែលមើលឃើញដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា ឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូមរបស់ប្រទេសអ៊ីរ៉ង់ មានច្រើនជាង ២៧ដងនៃដែនកំណត់ដែលបានដាក់កំហិតនៅក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥។
បើតាមរបាយការណ៍ដដែល ឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់បានសរុបរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៥,៥២៥គីឡូក្រាម គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈនេះ កើនឡើង ១,០៣៨គីឡូក្រាម បើធៀបនឹងខែតុលា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

