អឺរ៉ុបអនុម័តច្បាប់រឹតបន្តឹងលើឧក្រិដ្ឋកម្មបរិស្ថាន
ព្រុចសែល ៖ សមាជិកសភាសហភាពអឺរ៉ុប ក្នុងថ្ងៃអង្គារ បានអនុម័តច្បាប់ថ្មី ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបរិស្ថាន រាប់ចាប់ពីការជួញដូរឈើ រហូតដល់ការចោលកាកសំណល់ពុល ជាមួយនឹងការផាកពិន័យទ្វេដង ឬដាក់ពន្ធនាគារ។
ស្នងការទទួលបន្ទុកទីផ្សារផ្ទៃក្នុងរបស់សហភាពអឺរ៉ុប លោក Thierry Breton និយាយថា ច្បាប់ថ្មីនេះ គឺជាឧបករណ៍ដ៏មានមហិច្ឆតាមួយ ដើម្បីពង្រឹងក្របខ័ណ្ឌច្បាប់ដោះស្រាយឧក្រិដ្ឋកម្មបរិស្ថានប្រកបដោយប្រសិទ្ធភាព។ លោក Breton បន្ថែមថា ច្បាប់នេះ នឹងបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលនៅទូទាំងប្លុកអឺរ៉ុប ខណៈដែលសេចក្តីណែនាំស្តីពីឧក្រិដ្ឋកម្មបរិស្ថានថ្មីនេះទៀតសោត ក៏នឹងបញ្ជូនសញ្ញាដ៏មានឥទ្ធិពលមួយហួសពីសហភាពអឺរ៉ុបផងដែរ។
ឧក្រិដ្ឋកម្មបរិស្ថានកំពុងកើនឡើងទូទាំងពិភពលោក នៅចន្លោះពី៥ទៅ៧ភាគរយក្នុងមួយឆ្នាំ នេះបើយោងតាមទិន្នន័យរបស់សហភាពអឺរ៉ុប។ ហេតុដូច្នេះហើយ សហភាពអ៊ឺរ៉ុបសង្ឃឹមថា ច្បាប់ដ៏តឹងរ៉ឹងនេះ នឹងរារាំងជនល្មើសនានា ខណៈដែលការផាកពិន័យនៅទូទាំងប្លុកនេះ បានបង្កើនទម្ងន់ទោសនៃបទល្មើសបរិស្ថាន ក្រោមច្បាប់ព្រហ្មទណ្ឌរបស់សហភាពអឺរ៉ុបបច្ចុប្បន្ន ចាប់ពី ៩ ដល់ ១៨។
ស្ថិតក្រោមច្បាប់ថ្មីនេះដែរ សកម្មភាពមួយចំនួន មានដូចជាការជួញដូរឈើ, ការកែច្នៃកប៉ាល់ខុសច្បាប់, ការនាំចូលប្រភេទសត្វដែលហាមឃាត់ និងការបំផ្លាញធនធានទឹកដោយខុសច្បាប់ នឹងត្រូវចាត់ការតាមច្បាប់ព្រហ្មទណ្ឌ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

