សារមន្ទីរ West Bank បង្ហាញស្នាដៃសិល្បៈប្រឆាំងនឹងសង្គ្រាមហ្គាហ្សា

ហ្គាហ្សា៖ នៅឯសារមន្ទីរមួយកន្លែងក្នុងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល ស្នាដៃសិល្បៈគំនូររបស់ប្រជាជនហ្គាហ្សា ត្រូវបានដាក់តាំងបង្ហាញ ពីទឹកដីប៉ាឡេស្ទីន ដែលរងការបំផ្លិចបំផ្លាញដោយសារសង្រ្គាម។

សារមន្ទីរប៉ាឡេស្ទីនដែលមានទីតាំងនៅក្នុងទីក្រុង Birzeit ជិតទីក្រុង Ramallah នេះ បានដាក់តាំងបង្ហាញពីស្នាដៃសិល្បៈ និងបេតិកភណ្ឌនៃតំបន់ហ្គាហ្សាស្ទ្រីប។ សមាជិកក្រុមប្រឹក្សាភិបាលសារមន្ទីរ លោក Ehab Bessaiso ដែលជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ប៉ាឡេស្ទីន និយាយថា ក្រៅពីវត្ថុសហសម័យ ស្នាដៃទាំងនោះរួមមានគំនូរចាស់ៗ គំនូរប្រពៃណី និងសំលៀកបំពាក់ ក៏ដូចជាវត្ថុបុរាណវិទ្យាផងដែរ។

លោកបានប្រាប់សារព័ត៌មាន AFP ថា សារមន្ទីរនេះបានចាប់ផ្តើមគំនិតផ្តួចផ្តើម ដើម្បីថែរក្សាការងារបេតិកភណ្ឌប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដែលបានប្រឈមមុខនឹងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម។ ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើងនៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាស់បានវាយប្រហារមិនធ្លាប់មានពីមុនមក លើភាគខាងត្បូងអ៊ីស្រាអែល។

នៅក្នុងរបាយការណ៍កាលពីខែមករាដើមឆ្នាំនេះ ក្រសួងវប្បធម៌ប៉ាឡេស្ទីនបានបញ្ជាក់ថា មជ្ឈមណ្ឌលវប្បធម៌ចំនួន២៤នៅតំបន់ហ្គាហ្សាត្រូវបានបំផ្លាញទាំងស្រុង ឬមួយផ្នែក ចាប់តាំងពីការផ្ទុះសង្រ្គាម។ ពួកវារួមមានមជ្ឈមណ្ឌលវប្បធម៌ និងសង្គមនៃគ្រិស្តអូស្សូដក់អារ៉ាប់, មជ្ឈមណ្ឌលវប្បធម៌ Rashad Shawa ដែលរួមមានរោងមហោស្រព បណ្ណាល័យ និងរោងពុម្ព និង Al-Sununu សម្រាប់សមាគមវប្បធម៌ និងសិល្បៈនៅទីក្រុងហ្គាហ្សា។ រីឯអគារប្រវត្តិសាស្ត្រដូចជាវិហារអ៊ីស្លាម ព្រះវិហារ កំពង់ផែ Phoenician ដ៏ចំណាស់ និងសារមន្ទីរវប្បធម៌ Al-Qarara ក៏ត្រូវបានបំផ្លាញផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner