កីឡាករការិនីបាល់ទាត់ខេត្តបន្ទាយមានជ័យ ៣០ក្រុម ចូលរួមប្រកួតបាល់ទាត់ វិលជុំ កុមារ និងយុវជន AIA – ISF Youth League ប្រចាំឆ្នាំ២០២៤
ខេត្តបន្ទាយមានជ័យ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារនិងយុវជន AIA – ISF Youth League ដែលរៀបចំដោយអង្គការផ្កាយសមុទ្រក្រោមកិច្ចសហការគាំទ្រ ពីក្រុម ហ៊ុនធានា រ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌារដូវកាលថ្មីឆ្នាំ២០២៤ បានបន្តចំរាញ់ជ្រើសរើសរកក្រុមបាល់ទាត់ខ្លាំងនៅខេត្តបន្ទាយមានជ័យជ័យ ។
ការ ប្រ កួត ចំរាញ់យកក្រុមខ្លាំងខេត្តបន្ទាយមាន័យមកកាន់រាជធានីភ្នំពេញនេះ បានដំណើរប្រកួត ក្នុងបរិវេណតារាងបាល់ទាត់ សិរីរតនះ ក្នុងក្រុងសិរី សោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដោយមានក្រុមចូលរួមចំនួន ៣០ សរុបកីឡាករកីឡាការិនីចំនួន ៣៦០នាក់។ ការប្រកួតបាល់ទាត់វិលជុំកុមារនិងយុវជន AIA – ISF Youth League ជាលើកទីមួយប្រចាំឆ្នាំនេះក្នុងខេត្តបន្ទាយមានជ័យ ដោយមានការគាំទ្រយ៉ាងខ្លាំងពី សំណាក់កីឡាករកីឡាការនី និងអាជ្ញាធរមូលដ្ឋានក្នុងខេត្ត ។
លោក សុខ បូរ៉ាន់ មន្ត្រីសម្របសម្រួលកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ មាន ប្រសាសន៍ថា តាមរយៈកម្មវិធី បាល់ទាត់ អង្គការផ្កាយសមុទ្របានធ្វើការយ៉ាងជិតស្និត ជាមួយនឹងអង្គការ និងសាលារៀនដៃគូជា ច្រើនក្នុងខេត្តក្រុងនានា ដើម្បីជួយ ដល់កីឡាករ កីឡាការនីឲ្យស្វែងរកឃើញពីសក្តានុពលរបស់ខ្លួន ក៏ដូចជាជំរុញឆន្ទៈពួកគេ ក្នុងការ ពង្រឹងសមត្ថភាពបាល់ទាត់ ជំនាញបំណិនជីវិត និងឈោង ចាប់ឱកាសក្លាយជាកីឡាករ កីឡាការនីអាជីពថែមទៀតផង ។
ការប្រកួតបាល់ទាត់វិលជុំនេះទៀតសោតបានជួយគៀងគរ និងប្រមូលផ្តុំកុមារ និង យុវជន ជួបប្រទះភាពខ្វះខាត ដោយផ្តល់ឱកាសដល់ពួកគេចូលរួមលេងកីឡា ដើម្បីអភិវឌ្ឍ ជំនាញ បាល់ទាត់ និងបំណិនជីវិតសំខាន់ៗ និងនាំមកនូវទម្លាប់ល្អចំពោះសុខភាពថែមទៀតផង ។
លោក ស្រេង សុផល ជាអភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ្ឌ មានប្រសាសន៍ថា ការប្រកួតវិលជុំនេះ ពិតជាបានផ្តល់ឱកាសឲ្យកុមារ និងយុវជនក្នុងខេត្តបន្ទាយមានជ័យ ទទួលបានឱកាសប្រកួតប្រជែងបញ្ចេញសមត្ថភាព និងអាចវិវឌ្ឍខ្លួនទៅជាកីឡាអាជីព សម្រេចបំណងនៅពេលអនាគត។
សូមបញ្ជាក់ថា កីឡាករកីឡាការនីអាយុក្រោម ១៨ឆ្នាំ, អាយុក្រោម ១៤ឆ្នាំ និងអាយុក្រោម ១០ឆ្នាំ ពួកគេនឹង ចូលរួមប្រកួតវគ្គជម្រុះប្រចាំខេត្តបន្ទាយមានជ័យនាដើម ខែឧសភា ខាង មុខ នេះ ។ ក្រុមដែលឈ្នះ ប្រចាំខេត្តបន្ទាយមានជ័យនឹងត្រូវចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ ប្រកួត បាល់ទាត់វិលជុំកុមារ និង យុវជនវគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ក្នុងរាជធានីភ្នំពេញនៅ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ៕
រូបភាព អង្គការផ្កាយសមុទ្រ
អត្ថបទ ៖ ជាវ ចន្ធូ






