វៀតណាមកាត់ទោសថៅកែអចលនទ្រព្យប្រណីត ពីបទឆបោកប្រាក់ ៣៥៥លានដុល្លារ
នៅថ្ងៃអង្គារនេះ តុលាការវៀតណាមបានចាប់ផ្តើមបើកសវនាការ កាត់ទោសថៅកែអចលនទ្រព្យប្រណីត ក្នុងករណីឆបោកប្រាក់ចំនួន៣៥៥លានដុល្លារ។
មហាសេដ្ឋីអចលនទ្រព្យវៀតណាម ឈ្មោះថា Do Anh Dung ត្រូវបានចោទប្រកាន់ថា បានបោកប្រាស់អ្នកវិនិយោគរាប់ពាន់នាក់ ទាក់ទងនឹងប័ណ្ណបំណុល។
នេះគឺជាសំណុំរឿងឧក្រិដ្ឋកម្មថ្មីមួយទៀត របស់ប្រទេសកុម្មុយនិស្តមួយនេះ ដែលកំពុងផ្តោតចាត់វិធានការ លើមេដឹកនាំអាជីវកម្ម។
ប្រទេសវៀតណាមបានចាប់ផ្តើមការបង្រ្កាបអំពើពុករលួយ យ៉ាងទូលំទូលាយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លើមន្ត្រីពុករលួយ និងធុរកិច្ចជាន់ខ្ពស់ ក្នុងនោះ មានប្រមាណ ៤៤០០នាក់ហើយ ដែលត្រូវបានចោទប្រកាន់ ក្នុងចំណោម១៧០០ករណី ចាប់តាំងពីឆ្នាំ២០២១មក។
លោក Do Anh Dung ត្រូវបានគេដឹងថា ជាប្រធានក្រុមហ៊ុន Tan Hoang Minh ដែលមានលក់អាផាតមិន ប្រណីតៗ។ លោកត្រូវបានបញ្ជូនទៅកាត់ទោស នៅទីក្រុងហាណូយ រួមជាមួយកូនប្រុស ឈ្មោះ Do Hoang Viet និងមនុស្ស ១៣ នាក់ផ្សេងទៀត។ ការកាត់ក្តីនេះ អាចនឹងមានរយៈពេល ប្រហែល៣ សប្តាហ៍៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត