ព្យុះស៊ីក្លូនត្រូពិចវាយប្រហារអូស្រ្តាលី មនុស្សប្រហែល ៧០០នាក់ប្រឈមគ្រោះថ្នាក់
កង់បេរ៉ា៖ មនុស្សប្រហែល ៧០០នាក់បានជាប់គាំង ឬប្រឈមមុខនឹងហានិភ័យនៅភាគខាងជើងនៃប្រទេសអូស្ត្រាលី ក្នុងថ្ងៃអង្គារនេះ បន្ទាប់ពីព្យុះស៊ីក្លូនត្រូពិចដ៏កំណាច បានបក់បោកឆ្លងកាត់សហគមន៍ដាច់ស្រយាលរបស់ពួកគេ ហើយថែមទាំងបានកាត់ផ្តាច់ខ្សែបណ្តាញទំនាក់ទំនង។
ស្របពេលដែលព្យុះស៊ីក្លូនត្រូពិច Megan វាយប្រហារអូស្រ្តាលី កងកម្លាំងការពារប្រទេសនេះ បានព្យាយាមជម្លៀសអ្នកស្រុកចេញពីតំបន់តូចមួយនៃទីក្រុង Borroloola ប៉ុន្តែការប៉ុនប៉ងចុះចតយន្តហោះកាលពីថ្ងៃចន្ទ ត្រូវបានរំខានដោយសារកត្តាអាកាសធាតុមិនអំណោយផល។
យ៉ាងណាមិញ ប្រជាពលរដ្ឋត្រូវបានជំរុញឱ្យស្វែងរកទីជម្រកមានសុវត្ថិភាពនៅក្នុងសហគមន៍ ខណៈដែលព្យុះស៊ីក្លូនបានបោកបក់មកដល់នារសៀលថ្ងៃចន្ទម្សិលមិញ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នអូស្រ្តាលី លោក Murray Watt និយាយថា អាកាសធាតុមិនអំណោយផលបានរារាំងការជម្លៀសប្រជាពលរដ្ឋទៅកាន់តំបន់មានសុវត្ថិភាព កាលពីថ្ងៃចន្ទម្សិលមិញ ប៉ុន្តែយើងរំពឹងថា ប្រតិបត្តិការថ្មីទៀតនឹងកើតឡើងនៅថ្ងៃអង្គារនេះ។
យោងតាមការិយាល័យឧតុនិយមអូស្រ្តាលី បានឱ្យដឹងថា ព្យុះស៊ីក្លូនប្រភេទទី៣ខាងលើ បានវាយប្រហារតំបន់នេះ ដោយពាំនាំភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកក្នុងល្បឿនចន្លោះ ១៧០ ទៅ ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ អតីតព្យុះស៊ីក្លូនត្រូពិច Megan ឥឡូវនេះបានថមថយកម្លាំងវិញហើយ ក្លាយជាព្យុះត្រូពិចវិញ ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់ខ្លាំង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា