អូស្ត្រាលីដាក់ឱសានវាទ ៤៩ថ្ងៃ ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សដោះស្រាយមាតិការ “ជ្រុលនិយម”
កង់បេរ៉ា៖ ក្រុមឃ្លាំមើលតាមប្រព័ន្ធអ៊ីនធើណិតអូស្ត្រាលី បានវាយប្រហារទៅលើក្រុមហ៊ុន Google, X និង Meta ជាមួយនឹងការជូនដំណឹងផ្លូវច្បាប់ នៅថ្ងៃអង្គារនេះ ដោយទាមទារឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនេះ ពន្យល់ពីវិធីសាស្រ្តដែលពួកគេកំពុងបង្រ្កាបលើមាតិការជ្រុលនិយម ឬវីដេអូហិង្សា។
ការជូនដំណឹងនេះ បានផ្ញើទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន៦ មានដូចជា Google, Meta, X, WhatsApp, Telegram និង Reddit ហើយពួកគេមានពេលចំនួន ៤៩ថ្ងៃដើម្បីឆ្លើយតប។
នាយកគណៈកម្មការសុវត្ថិភាពអេឡិចត្រូនិកអូស្ត្រាលី (eSafety) លោកស្រី Julie Inman Grant និយាយថា វាមិនមែនជារឿងចៃដន្យទេ ដែលយើងជ្រើសរើសក្រុមហ៊ុនទាំងនេះ ដើម្បីផ្ញើការជូនដំណឹងទៅ ព្រោះខ្លួនមានភស្តុតាងដែលថា សេវាកម្មរបស់ពួកគេ ត្រូវបានកេងប្រវ័ញ្ចដោយពួកភេរវករ និងពួកជ្រុលនិយមដ៏ឃោរឃៅ។
ឧទាហរណ៍វីដេអូបង្ហាញពីការបាញ់ប្រហារនៅវិហារអ៊ីស្លាមក្នុងឆ្នាំ២០១៩ នៅប្រទេសនូវែលសេឡង់ បានបន្តរីករាលដាលពាសពេញវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ ដូច្នេះយើងចង់ដឹងថាតើហេតុអ្វីបានជាបញ្ហាកើតឡើង ហើយតើវិធានការអ្វីខ្លះ ដែលពួកគេកំពុងធ្វើ ដើម្បីដោះស្រាយ។
គួរបញ្ជាក់ថា អូស្ត្រាលីបានដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីទាមទារឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ទទួលខុសត្រូវចំពោះអ្វីដែលអ្នកប្រើរបស់ពួកគេបង្ហោះតាមអ៊ីនធឺណិត ក្រោម “ច្បាប់សុវត្ថិភាពលើបណ្តាញអ៊ីនធើណិត” ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០២១។
តួយ៉ាង ក្នុងពេលថ្មីៗនេះ គណៈកម្មការសុវត្ថិភាពអេឡិចត្រូនិកអូស្ត្រាលី (eSafety) បានទះកំផ្លៀងបណ្តាញសង្គម X ជាមួយនឹងការផាកពិន័យចំនួន ៦១០,៥០០ដុល្លារអូស្ត្រាលី ឬប្រហែល ៣៨៨,០០០ដុល្លារអាមេរិក ជុំវិញការខកខានបង្ហាញពីរបៀបដែលខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងខ្លឹមសារ នៃការរំលោភបំពានផ្លូវភេទលើកុមារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
