សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺពង្រឹងវិស័យសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបម្រើប្រជាពលរដ្ឋ
(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣ នារសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ មីនា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរដល់កងទ័ពអាវសកម្ពុជា ដែលបានខិតខំសង្រ្គោះពលរដ្ឋពីជំងឺកូវីដ១៩ កន្លងទៅ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កូវីដ១៩ អាចឱ្យកម្ពុជា វាយតម្លៃលើស្ថានភាពពីរចំពោះវិស័យសុខាភិបាលកម្ពុជា ក្នុងនោះទី១-បង្ហាញឱ្យឃើញនូវសមត្ថភាពរបស់មន្រ្ដីបុគ្គលិកសុខាភិបាល និងគ្រូពេទ្យទូទាំងប្រទេសពីសមត្ថភាព។ ទី២-បង្ហាញឱ្យឃើញ នូវកម្រិតកង្វះខាតមួយចំនួនដូចជាធនធានមនុស្សនៅថ្នាក់ក្រោមជាតិ និងជំនាញ នៃការប្រើប្រាស់សម្ភារៈ។
សម្ដេច បន្តថា សរុបមក កូវីដ-១៩ អាចឱ្យយើងឃើញទាំងចំណុចខ្លាំង និងខ្សោយរបស់វិស័យសុខាភិបាលរបស់កម្ពុជា។ សម្តេចធិបតី រំលឹកថា កូវីដ-១៩ ជាបញ្ហាប្រឈម តែក៏ធ្វើឱ្យយើង មើលឃើញពីបញ្ហាខ្វះខាត យើងខិតខំបំពេញបន្ថែម ដើម្បីអនុវត្តន៍ឲ្យកាន់តែមានប្រសិទ្ធភាព នៅអាណត្តិទី៧នេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧នេះ គឺពង្រឹងវិស័យសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបម្រើប្រជាពលរដ្ឋ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

