កិច្ចប្រជុំពិភាក្សា ដើម្បីគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទ នៅខេត្តកំពង់ចាម
(កំពង់ចាម)៖ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤ នៅសាលប្រជុំនៃសាលាខេត្តកំពង់ចាម អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គល.ក.) បានសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ” ក្រោម អធិបតីភាពរបស់ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ដោយមានការអញ្ជើញចូលរួម ប្រមាណ ៣៨០នាក់។
កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង ៖
១. បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះនិង ផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្ត កំពង់ចាម លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់ និងដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបាននិងកំពុង កើតមានឡើង នៅក្នុងកិច្ចដំណើរការអាជីវកម្មល្បែងផ្សងសំណាង ។
២. បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.កនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តកំពង់ចាម សំដៅផ្លាស់ប្តូរ ព័ត៌មាន និងសហការក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន លើការធ្វើអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងដែលមិនមានអាជ្ញាបណ្ណ និង/ឬ អាជ្ញាបណ្ណសាខា និង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាពី គ.ល.ក ។
និង៣. លើកកម្ពស់ការយល់ដឹងឱ្យកាន់តែ ទូលំទូលាយនូវច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង ដើម្បីជំរុញអនុលោមភាពនិងការទទួលខុសត្រូវរបស់ប្រតិបត្តិករល្បែងផ្សងសំណាង និងចូលរួម កាត់បន្ថយផលប៉ះពាល់អវិជ្ជមានជាអតិបរមាពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងផុលផុស និងតាមការណែនាំរបស់ ឯកឧត្តមអភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម រួចមក ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត, មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, គណៈបញ្ជាការឯកភាពក្រុង-ស្រុក-ឃុំ-សង្កាត់, រដ្ឋបាល ក្រុង-ស្រុក-ឃុំ-សង្កាត់ បានប្តេជ្ញាយ៉ាងមុតមាំថា នឹងចាត់វិធានការបង្ក្រាបឱ្យអស់រាល់ល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទ និងទប់ស្កាត់មិនឱ្យមានល្បែងស៊ីសងខុសច្បាប់កើតមានជាថ្មីនៅក្នុងមូលដ្ឋានរបស់ខ្លួន។ កិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នៅខេត្តកំពង់ចាម” បានប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កាគាប់ប្រសើរ តាមការរំពឹងទុក ៕
ប្រភព ៖ អគ្គលេខាធិការដ្ឋាន នៃ គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គល.ក.)




