សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកសមិទ្ធិផល និងវឌ្ឍនភាពរបស់ក្រសួងសុខាភិបាល បានធ្វើឱ្យសុខុមាលភាពរបស់ប្រជាជន កាន់តែល្អប្រសើរ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកសមិទ្ធិផល និងវឌ្ឍនភាពរបស់ក្រសួងសុខាភិបាល បានធ្វើឱ្យស្ថានភាពសុខភាព និងសុខុមាលភាពរបស់ប្រជាជន មានភាពកាន់តែល្អប្រសើរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣ នារសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំ២០២៣ ក្រសួងសុខាភិបាល សម្រេចបានសមិទ្ធិផល និងវឌ្ឍនភាពជាច្រើនគួរឱ្យកត់សម្គាល់ ដូចជា៖ ការផ្តល់សេវាអប់រំ , លើកកម្ពស់សុខភាព, សេវាបង្ការថែទាំព្យាបាល, អន្តរាគមន៍សុខភាពសាធារណៈ, ការកែលម្អគុណភាពសេវាប្រចាំឆ្នាំ, ការរៀបចំ និងការពង្រឹងសមត្ថភាពអង្គភាពសុខាភិបាល, ការពង្រឹងកិច្ចការនិយតកម្មសេវាសុខាភិបាល, ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល, ការលើកកម្ពស់ប្រសិទ្ធិភាពនៃការអនុវត្តប្រព័ន្ធគាំពារសង្គម, ការប្រើប្រាស់បច្ចេកវិទ្យាសុខាភិបាលឌីជីថល ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សមិទ្ធិផល និងវឌ្ឍនភាពទាំងនេះ បានធ្វើឱ្យស្ថានភាពសុខភាព និងសុខុមាលភាពរបស់ប្រជាជនមានភាពកាន់តែល្អប្រសើរជាលំដាប់ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ





