ឈ្មួញឈើមុខដដែលៗ នៅស្រុកឱរ៉ាល់ គឃ្លើន និងបទបញ្ជាប្រមុខរាជរដ្ឋាភិបាល បង្ក្រាបបានជាញឹកញាប់តែអ្នកប្រព្រឹត្តនៅតែរួចខ្លួននៅឡើយ

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ស្ពឺ៖ នៅព្រលប់យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលនៃផែនការងារប្រឆាំងបទល្មើស សេដ្ឋកិច្ចស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយមានការបញ្ជាពី លោក ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង, លោកវរសេនីយ៍ឯក  ហេង  សំរេច នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយសហការជាមួយកម្លាំជំនាញផែនសន្តិសុខ និងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កែសាទប បានចុះបង្រ្កាបទីតាំង ឈើខុសច្បាប់ចំនួន០១កន្លែង នៅចំណុចចំការស្វាយចន្ទី នៅផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ៥៤-៥៥ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយគ្មានម្ចាស់នៅកន្លែងកើតហេតុ ។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យជាក់ស្តែងទីតាំងខាងលើរកឃើញ៖ ប្រភេទឈើជ្រុងចំរុះចំនួន ១៦១ ដើម, រថយន្តចំនួន ០៣ និងអេស្ការវ៉ាត់ទរ័ចំនួន ០១ គ្រឿង, ១-រថយន្តម៉ាក Hyundai ប្រភេទV1 មានទូកុងទីន័រ ស្លាកលេខ: ភ្នំពេញ3D-7657,ទី២-រថយន្តម៉ាកTriton ពណ៌ត្រីអុីស្លាកលេខ ខ.ម 2-1985, ទី៣-រថយន្តម៉ាក  Vigo ពណ៌ត្រីអុីពាក់ស្លាក លេខ: ខ.ម 2-9113,ទី៤-អេស្លារវ៉ាទរ័ ចំនួន០១ គ្រឿង,ម៉ូតូHonda Wave ពណ៌ទឹកសមុទ្រ ០១ គ្រឿង(គ្មានស្លាកលេខ) ។

សូមរំលឹកថា កន្លងមកធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺបន្ទាប់ពីសមត្ថកិច្ចបានតាមដានដើម្បីធ្វើការបង្ក្រាបឈើដែលលាក់ទុកក្នុងដីចំការ ឬស្សីមួយកន្លែង ដែលមហាជនប្រាប់ថាមានម្ចាស់តែមួយជាមួយករណីខាងលើ បែរជាមេឈ្មួញរូបនេះបានបាញ់កាំភ្លើងប្រមាណជិត១០ គ្រាប់ដើម្បីគំរាមលើសមត្ថកិច្ចរហូតដល់មានការស្នើសុំដីការចូលឆែកឆេរទីតាំងនេះតែម្តង ។ ការចុះឆែកឆេរទីតាំងស្តុកឈើរបស់មេឈ្មួញរូបនេះធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤៤  ចំណុចស្ទឹងតាដុក (ចន្លោះបង្គោលគីឡូម៉ែត្រ៥៨ទៅលេខ៥៩ ក្នុងភូមិដំបងវេញ ឃុំសង្កែសាទបស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ) ម្ចាស់ចំការមានឈ្មោះ ជឿង ថេង ជាមន្ត្រីយោធា ។

ក្នុងករណីបង្ក្រាបនោះសមត្ថកិច្ចបានដកហូតវត្ថុតាងឈើប្រម៉ាណ៣០កំណាត់ ដែលលាក់ទុកក្នុងទឹកប្រឡាយ ។ អ្វីដែលមហាជនចង់ដឹង និងដាក់ជាសំនួរថា មូលហេតុអ្វីបានជាមេឈ្មួញដែលប្រព្រឹត្តបទល្មើសដែលសមត្ថកិច្ចដឹងយ៉ាងច្បាស់ នៅតែបន្តរួចខ្លួន មិនត្រឹមតែរួចខ្លួនប៉ុណ្ណោះទេថែមទាំងបន្តប្រព្រឹត្តបទល្មើសកាន់សកម្មជាងមុនទៅទៀត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner