លោកជំទាវ ដួង វណ្ណា និងសហការី បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនជនងាយរងគ្រោះសរុប ៣៣ គ្រួសារ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្វាយរៀង៖ ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែងនៃការខ្វះខាតស្បៀងអាហាររបស់ប្រជាពលរដ្ឋ នៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ ១៩ នាព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនជនងាយរងគ្រោះ (ចាស់ជរាឥតទីពឹង ១៤ គ្រួសារ ជនពិការ ៦ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ១៣ គ្រួសារ ) សរុប ៣៣ គ្រួសារ ក្នុងឃុំត្រពាំងស្តៅ ស្រុករមាសហែក។

មានប្រសាសន៍នាឱកាសនោះលោកជំទាវ ដួង វណ្ណា  បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ នៅមូលដ្ឋាន ព្រោះឥទ្ធិពលជម្ងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ សំខាន់ គ្រួសារចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ ជនពិការ និងគ្រួសារមានជីវភាពខ្វះខាត ។ល។

លោកជំទាវប្រធានកិត្តិយសសាខាក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លី ក្នុងពេលដែលប្រទេសជាតិកំពុងជួបនូវវិបត្តិជំងឺកូវីដ ១៩ ដែលធ្វើឲ្យមានផលប៉ះពាល់ក្នុងជីវភាពរបស់បងប្អូនជាគ្រួសារងាយរងគ្រោះ និងអំពាវនាវដល់បងប្អូន ត្រូវមានការប្រុងប្រយ័ត្ន និងថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោ អាវវែង និងគេងក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាមដែលកំពុងរីករាលដាល ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាកុំឲ្យមានករណីគ្រោះថ្នាក់ ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនទាំង ៣៣ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១០ កំប៉ុង ក្រមា ១ សាប៊ូ ២ ដុំ អាវយឺត ២ ម៉ាស់ ១ និងថវិកា ៤០,០០០ រៀល លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បានឧបត្ថម្ភបន្ថែមដល់ប្រជាពលរដ្ឋទាំង ៣៣ គ្រួសារ ក្នុង ១ គ្រួសារ ថវិកា ១០,០០០ រៀល។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner