សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃ ទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការងារវារីវប្បកម្ម នៅកម្ពុជា និងការងារមួយចំនួននៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹក សាបក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង របស់រដ្ឋបាលជលផល ។
ឯ,ឧ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានហៅវត្តមានរបស់សម្តេច តេជោ ចុះទៅកាន់ខេត្តព្រៃវែងនេះ ជាសក្ខីភាពមួយឆ្លុះបញ្ចាំងឱ្យយ៉ាងច្បាស់អំពីការអបអរសាទរទិវា មច្ឆជាតិ ១កក្កដា និងរុក្ខទិវា ៩ កក្កដា ដែលកម្ពុជាពុំបានប្រារព្ធធ្វើនៅឆ្នាំនេះ ព្រោះតែជំងឺកូវីដ១៩។ ដំណើរទស្សនកិច្ច និងសំណេះសំណាលជាមួយកសិកររបស់សម្តេចតេជោនៅពេលនេះ ជាសកម្មភាព មួយ ជួយបំផុសចលនាដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជា កសិករ ឱ្យធ្វើការដាំដុះដំណាំស្បៀងតាមគោលការណ៍អភិវឌ្ឍន៍បៃតង ការចិញ្ចឹមសត្វ និងវារីវប្បធម្ម ឱ្យបានសកម្មនៅក្នុងយុគសម័យ នៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជា កំពុងមានការអភិវឌ្ឍពី ប្រទេសពឹងផ្អែកលើវិស័យកសិកម្ម ទៅជាកសិ-ឧស្សាហកម្មវិញនេះ។
ឯ,ឧ វេង សាខុន បានឱ្យដឹងថា មជ្ឈមណ្ឌលនេះ មានផ្ទៃដីជាង១៦ហ.ត ដោយចែកជាអគាររដ្ឋបាល ស្រះចិញ្ចឹម ស្រះមេពូជ អាងស្តុកទឹក អគារភ្ញាស់ អគារស្នាក់នៅ និងមន្ទីរពិសោធន៍ ។ ភារកិច្ច សំខាន់បួនរបស់មជ្ឈមណ្ឌលគឺទី១. បន្សុតនិងបង្កាត់ពូជនិងអភិរក្សពូជត្រីទឹកសាបដែលជិតផុតពូជ, ទី២. សិក្សាស្រាវជ្រាវពូជ និងផ្សព្វផ្សាយ,ទី៣.បណ្តុះបណ្តាល បច្ចេកទេសដល់ប្រជាកសិករ និងទី៤.ផ្តល់ប្រឹក្សាយោបល់អំពីបញ្ហាផ្សេងៗដែលកើតមាននៅក្នុងផលិតកម្មវារីវប្បកម្ម ។
បច្ចប្បន្ន មជ្ឈមណ្ឌលកំពុងធ្វើការសិក្សាស្រាវ ជ្រាវបង្កាត់ពូជត្រីដោយបានចែកចេញជាត្រីផលិតកម្មមានដូចជាត្រីពោ ត្រីប្រាត្រីអណ្តែងរឹង អណ្តែង ទន់ ត្រីឆ្ពិន ត្រីកាប បង្កងនិងកង្កែប ។ នាពេលអនាគតរដ្ឋបាល ជលផលដែលជាអាណាព្យាបាលមជ្ឈមណ្ឌល នឹងខិតខំបង្កើនការសិក្សាស្រាវជ្រាវអំពីចំណី ពូជ គុណភាពទឹក ផលប៉ះពាល់លើផលិតកម្ម ដោយសារការប្រែប្រួលអាកាសធាតុ ស្តង់ដារចិញ្ចឹម ប្រសិទ្ធភាពសេដ្ឋកិច្ច និងនិន្នាការទីផ្សារ ទៅតាមប្រភេទត្រី និងរដូវផលិត និងធ្វើការអភិរក្សពូជត្រីទឹកសាប បង្កាត់ភ្ញាស់ពូជត្រី បង្កង និងកង្កែប ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់អ្នកចិញ្ចឹមក្នុងខេត្ត និងទូទាំងប្រទេស សំដៅបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មត្រីទឹកសាប ទាំងបរិមាណ និងគុណភាព ឆ្លើយតបតាមតម្រូវការទីផ្សារ និងឈានជាជំហានៗ ឆ្ពោះទៅធ្វើការផលិតឲ្យស្របតាមលក្ខខណ្ឌ តម្រូវទាំងផ្នែកបច្ចេកទេស និងនិតិវិធីច្បាប់ ក្នុងគោលដៅចុងក្រោយ គឺធ្វើការនាំចេញ ។
មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌល នឹងធ្វើការពង្រីកសក្តានុពលផលិតកូនត្រី ឱ្យបានគ្រប់គ្រាន់ តាមសេចក្តីត្រូវការ និងបន្តពង្រីកការងារផ្សព្វផ្សាយបច្ចេកទេសវារីវប្បកម្មទំនើប ទាន់សម័យ ទាំងការភ្ញាស់ ចិញ្ចឹម និងចំណី ជូនដល់អ្នកចិញ្ចឹម។ ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ផលនេសាទទឹកសាបសម្រេចបាន៖ (១) ដាយត្រីបានចំនួន ១,៥០០តោន (២) នេសាទគ្រួសារក្នុងដែននេ សាទអនុវត្តបានចំនួន ១៣២,៩៥០តោន ស្មើនឹង ៣៨,៥% នៃផែនការ (៣) នេសាទគ្រួសារតាមវាលស្រែអនុវត្តន៍ បានចំនួន ៣០,៧៨០ តោន ស្មើនឹង ២១% នៃផែនការ នេសាទសមុទ្រអនុវត្តបានចំនួន ៥៧,១៦០តោន ស្មើនឹង ៥២% នៃផែនការ។
បច្ចុប្បន្ននេះ ចំនួនគ្រួសារធ្វើវារីវប្បកម្មសរុបទូទាំងប្រទេសមានចំនួន ៤៦,០០០គ្រួសារ។ ក្នុងនោះ គ្រួសារសរុប ដែលធ្វើវារីវប្បកម្មវារីសត្វក្នុងស្រះមានចំនួន ៤១,៩៣៩គ្រួសារ ស្មើនឹង ៩០%។ រីឯ ចំនួនគ្រួសារ ដែលធ្វើវារីវប្បកម្មវារីសត្វនៅក្នុងបែមានចំនួន ៤,០៦១គ្រួសារ ស្មើនឹង ១០%។ ទន្ទឹមនឹងនេះ ក្រសួងបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាល ថ្នាក់ក្រោមជាតិ បង្ក្រាបបទល្មើសជលផល ដោយសម្រេចបាន ៣,១០១ករណី ប្រៀបធៀបឆ្នាំមុន ថយចុះចំនួន ១០៣ករណី ។
ក្នុងកិច្ចសំណេះសំណាលជាមួយកសិករអ្នកចិញ្ចឹមត្រី និងកង្កែប ដែលបានសំណូមពរ ជួយរកទីផ្សារ និងចងក្រងជាសហគមន៍សម្រាប់អ្នកចិញ្ចឹមត្រី ជាសហគមន៍អ្នកចិញ្ចឹមកង្កែប ជាសហគមន៍អ្នកចិញ្ចឹមបង្កង និងជាសហគមន៍សម្រាប់កសិកម្ម ដើម្បីមានកម្លាំងតថ្លៃជាមួយឈ្មួញ, សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៏ និងគាំទ្របង្កើតជាសហគមមួយ ដើម្បីតថ្លៃជាមួយឈ្មួញ និងបានស្នើឲ្យអាជ្ញាធរខេត្ត ស្រុក និងផ្នែកកសិកម្ម ត្រូវគិតគូរអំពីការបង្កើតសហគមន៍នេះឡើង ដោយមិនពឹងផ្អែកទាំងស្រុង ទៅលើឈ្មួញនោះទេ ។
ចំពោះការលើកឡើងពីបញ្ហាកង្វះទុន និងខ្វះទឹកធម្មជាតិសម្ដេចតេជោ បានផ្ដល់ជាអនុសាសន៍ ឲ្យឯ.ឧ លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក សិក្សាពីលទ្ធភាពបូមទឹកធម្មជាតិ ចូលភូមិដែលកសិករចិញ្ចឹមត្រី និងកង្កែប និងលទ្ធភាពមួយទៀត គឺជីកស្រះរួម ដើម្បីផ្គត់ផ្គង់ទឹកធម្មជាតិដល់សហគម។ សម្ដេច បានហៅជំនួបនេះ ជាស្ថានភាពគន្លងថ្មី ហើយយើងជួបជុំគ្នា គឺអង្គុយមានគម្លាត និងពាក់ម៉ាស និងមួយទៀត ដើម្បីពិនិត្យមើលពីវឌ្ឍនភាពចំពោះការធ្វើវារីវប្បកម្មនៅទីនេះ ដែលកាលពីមុនយើងធ្លាប់តែចាប់ដៃ ឥឡូវយើងអត់បានចាប់ដៃទៀតទេ តែយើងពាក់ម៉ាសទៅវិញ ហើយយើងក៏អង្គុយ ឆ្ងាយពីគ្នាទៀត តែការជុំគ្នានេះ យើងហៅថា ជាប្រក្រតីភាពនៃជីវភាព តាមរបៀបថ្មីបានផ្លាស់ប្ដូរឲ្យយើងកែទម្លាប់។
សម្ដេចក៏បានជំរុញយុទ្ធនាការមួយការផ្លាស់ប្ដូរ ចំពោះការផលិតផ្នែកខ្លះ ដែលពីមុន យើងធ្លាប់ផលិតស្រូវក្នុងស្រែ ជំនួសដោយការផលិត ឬការចិញ្ចឹមត្រី កង្កែប បង្កង ដែលអាចទទួលបានផលខ្ពស់ជាងស្រូវ ។ សម្តេចបន្តថា ពិភពលោក មានការផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅ។ ចំនួនមនុស្សស្លាប់ច្រើនណាស់ ដែលគេពុំទាន់រកឃើញថ្នាំព្យាបាលនៅឡើយ។ ឥឡូវនេះ ទម្លាប់រាប់ពាន់ឆ្នាំរបស់ប្រជាជននៅលើពិភពលោក ត្រូវបានបំផ្លាញដោយកូវីដ។ នេះគឺជាការផ្លាស់ប្ដូរមិនត្រឹមតែនៅស្រុកខ្មែរយើងទេប៉ុន្តែជាការផ្លាស់ប្ដូរឥរិយាបថនៅទូទាំងពិភពលោកតែម្ដង។
ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គ្មានប្រទេសណាមួយ មិនប៉ះពាល់នោះទេ តិច ឬច្រើនគឺមានការប៉ះពាល់ទាំងអស់ដោយ covid 19។ ដោយឡែកកម្ពុជា ប៉ះពាល់ខ្លាំងទៅលើវិស័យឧស្សាហកម្ម និងផ្នែកសេវា ដូចជាវិស័យទេសចរណ៍ជាដើម ហើយកាលពីមុន យើងធ្លាប់ទទួលជើងហោះហើរប្រមាណជាង ៣០០ ជើងក្នុង១ថ្ងៃ ប៉ុន្តែឥឡូវយើងទទួលបានយន្តហោះប៉ុន្មានតែ៤ ឬ១០ជើង តែប៉ុណ្ណោះក្នុង១ថ្ងៃ។
តែទោះជាយ៉ាងណា កម្ពុជា មានចំណុចខ្លាំងមួយ ព្រោះថាប្រទេសយើងជាប្រទេសកសិកម្ម វាមិនត្រឹមតែមិនប៉ះពាល់ទេ ប៉ុន្តែបែរជាមានឧត្ដមភាពទៅវិញក្នុងវិស័យកសិកម្មដូច្នេះហើយ បានជារាជរដ្ឋាភិបាល បានប្ដូរទិសជាច្រើន ក្នុងការជំរុញវិស័យកសិកម្ម ឲ្យមានការរីកលូតលាស់ឡើង ហើយយើងក៏នឹងចូលរួមចំណែកមួយផ្នែក គឺដោះស្រាយបញ្ហាស្បៀងក្នុងស្រុក ធានាសន្តិសុខស្បៀងក្នុងស្រុក និងមួយផ្នែកទៀត យើងចូលរួមក្នុងសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ និងពិភពលោកផងដែរ។ ជាក់ស្ដែង ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០២០ យើងនាំអង្ករទៅអឺរ៉ុប បានជាង ១៣ម៉ឺន ៨ពាន់តោន និងនាំទៅចិន ជាង១៤ ម៉ឺនតោន និងអាស៊ាន៥ម៉ឺនតោន និងតំបន់ផ្សេងៗទៀតជាង៩ម៉ឺនតោន។
សម្តេចតេជោ ហ៊ុន សែន បន្តថា ក្នុងដំណាក់កាលកូវីដ គេអាចបន្ថយការផលិតយន្តហោះ បន្ថយការជិះយន្តហោះ ហើយបន្ថយការផលិតរបស់ផ្សេងៗដូចជា វិទ្យុ និងទូរទស្សន៍ បន្ថយការទិញសម្លៀកបំពាក់ថ្មី ប៉ុន្តែរឿងមួយដែលគេមិនអាចបន្ថយបាន គឺប្រដាប់បញ្ច្រកក្រពះ ដោយសម្ដេច ផ្តោតទៅលើម្ហូបអាហារនេះឯង។ ដូច្នេះ កម្ពុជា នៅមានសក្តានុពលដ៏ធំ គឺយើងអាចមានការដាំដុះ ការផលិតកាន់តែច្រើន ប៉ុន្តែសម្ដេច រំពឹងថា ការនាំចេញស្រូវ, ការនាំចេញស្វាយចន្ទី, ការនាំចេញប្រភេទស្បៀង គឺនៅតែមានតម្រូវការ ព្រោះពិភពលោក នៅតែត្រូវការ ចឹងទេ បានជាយើងត្រូវបង្វិលទិសឆាប់រហ័ស ដើម្បីជំរុញវិស័យកសិកម្មរបស់យើង ឲ្យទៅជាឱកាសពីវិបត្តិ covid-19 នេះទៅជាឱកាសនៃវិស័យកសិកម្ម។
សម្តេចថា វិស័យកសិកម្មនេះ ពីមុនមានអាត្រារហូតដល់ទៅជាង ៨០% ឯណោះ ប៉ុន្តែដោយសារវិស័យសេវា និងឧស្សាហកម្មរីកធំ វិស័យកសិកម្ម ក៏នៅសល់ប៉ុន្មាន ៧៣% ប៉ុណ្ណោះ ។ ឥឡូវកម្លាំងពលកម្ម ដែលបាត់បង់ពីវិស័យសេវា និងវិស័យឧស្សាហកម្មប្រមាណ១៧ម៉ឺននាក់ អាចមកចូលរួមក្នុងវិស័យកសិកម្មវិញ ដើម្បីទទួលបាននូវការងារធ្វើ និងបង្កើនមុខរបរក្នុងវិស័យកសិកម្ម លើចំណែកដី ដែលយើងមានទាំងស្រូវវស្សា និងស្រូវប្រាំងជាង ៣លានហិកតា និងដំណាំឧស្សាហកម្មដទៃទៀត។
ថ្លែងពីការចិញ្ចឹមបែបវារីវប្បកម្ម សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងថា យើងត្រូវតែធ្វើ បើនិយាយពីតម្រូវការសាច់យើងត្រូវការសាច់ជិត ២៩ម៉ឺនតោន ។ ដូច្នេះយើងត្រូវជំរុញការចិញ្ចឹមសត្វបន្តទៀត ពិសេស គឺការធ្វើវារីវប្បកម្មនេះ ។ សម្ដេចថា ពេលនេះដល់ពេលវេលាដែលយើងវ៉ៃលុក, រាជរដ្ឋាភិបាល បានទម្លាក់ថវិកា៥០ម៉ឺនដុល្លារ ដើម្បីឲ្យកសិករចិញ្ចឹមត្រី បង្កង កង្កែប ។ ក្នុងន័យនេះ សម្ដេចបានជំរុញដល់អ្នកបច្ចេកទេសរបស់យើង ត្រូវចុះឲ្យដល់អ្នកចិញ្ចឹម ជាមួយនឹងកសិករ ដើម្បីទទួលបានផលពិតប្រាកដ។
ក្នុងឱកាសនេះដែរ សម្ដេចតេជោ ក៏បានប្រកាសសងជូនប្រជាពលរដ្ឋរបស់យើងវិញ ក្នុងឱកាសបុណ្យចូលឆ្នាំកន្លងមក ដែលមិនបានឈប់សម្រាកដោយសារ covid-19 រាជរដ្ឋាភិបាល នឹងសងវិញនៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ខាងមុខ បើគិតដល់ថ្ងៃនោះសម្ដេចថា យើងអាចឈប់បានរហូតទៅដល់ ៩ថ្ងៃជាប់ៗគ្នា។ សម្ដេចថា ការទុករយៈពេលវែងនេះ ដោយសារទុកពេលឲ្យក្រសួងសុខាភិបាល, ម្ចាស់សណ្ឋាគារ, រមណីយដ្ឋាននានាក្នុងស្រុករបស់យើង គេរៀបចំដើម្បីធានាថា ប្រជាពលរដ្ឋយើងមានសុវត្ថិភាព ចៀសផុតពីជំងឺកូវីដ១៩។
ជាថ្មីម្ដងទៀត សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏នៅតែអំពាវនាវ ដោយត្រូវតែពាក់ម៉ាសនៅពេលដែលចាំបាច់ នឹងត្រូវខិតខំការពារខ្លួន គ្មានអ្នកណាជួយខ្លួនយើងក្រៅពីខ្លួនយើងទេចំពោះជម្ងឺនេះ ដោយចាប់ផ្ដើមពីមនុស្សម្នាក់ៗ ត្រូវមានអនាម័យផ្ទាល់ខ្លួន លាងដៃជាមួយសាប៊ូ អាល់កុល នឹងអ្វីផ្សេងទៀត ជាការណែនាំរបស់ក្រសួងសុខាភិបាល កុំឲ្យជំងឺនេះ ឆ្លងចូលទៅក្នុងសហគមន៍ឲ្យសោះ។ សម្ដេចថា យើងមានការបើកឲ្យមានដំណើរការឡើងវិញជាបណ្តើរៗកន្លែងខ្លះ ដូចជាសាលារៀនជាដើម ៕







