អាជ្ញាធរខណ្ឌមានជ័យ សហការជាមួយមន្ត្រីជំនាញមន្ទីរទេសចរណ៍ ចុះត្រួតពិនិត្យទីតាំងក្លិបកម្សាន្ត ប៊ូឡាញ ដែលស្នេីសុំប្រែក្លាយជាភោជនីយដ្ឋាន
ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំ ក្រុមកាងារចំរុះចុះធ្វើការត្រួតពិនិត្យ នូវទីតាំងភោជនីយដ្ឋានមានឈ្មោះ ប៊្លូឡាញ តាមការស្នើសុំរបស់ លោកស្រី ថៃ ចេង ដែលមានទីតាំងស្ថិតនៅ ផ្លូវ២៧១ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១៤:៣០ នាទី រសៀល ថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០ ។
ក្រោយពីបានធ្វើការពិនិត្យនូវទីតាំងភោជនីយដ្ឋាននេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានធ្វើការណែនាំដូចខាងក្រោម៖
១. ត្រូវរៀបចំឯកសារ ដាក់ពាក្យស្នើសុំច្បាប់អាជីកម្ម ភោជនីយដ្ឋានឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស។
២. ត្រូវចូលរួមអនុវត្តន៍វិធានការសុវត្ថិភាពទេសចរណ៍ របស់ក្រសួងសុខាភិបាល។
៣. ត្រូវរៀបចំប្រព័ន្ធភ្លើង បំភ្លឺឲ្យបានច្បាស់ ។
៤. ត្រូវរៀបចំកន្លែងអង្គុយ ឲ្យបានទូលាយ ជាលក្ខណៈភោជនីយដ្ឋាន ។
៥. ត្រូវពង្រីកកន្លែងចំណតឲ្យបានធំទូលាយ ។
៦. ត្រូវបន្ថែមបំពង់ពន្លត់អគ្គិភ័យបន្ថែមឲ្យបានច្រើន ។
៧. ត្រូវមានសញ្ញាប្រកាសអាសន្នពេលមានអគ្គិភ័យកើតឡើង ។
៨. មិនត្រូវចតរថយន្តនៅលើចិញ្ចើម និងទ្រូងផ្លូវសាធារណៈជៀសវាងបណ្តឹងពីសាធារណជន ។
៩. មិនត្រូវបំពងឩបករណ៍សំលេងធុងបាសខ្លាំងនោះទេ ។
បន្ទាប់ពីធ្វើការណែនាំរួចមក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានសំណូមពរ ដល់ម្ចាស់ទីតាំង ចូលរួមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ដូចខាងក្រោម ៖
១. ម្ចាស់អាជីកម្មភោជនីយដ្ឋាន ត្រូវចូលរួមអនុវត្តន៍វិធានការសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ និង ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ (Covid-19) ។
២. ត្រូវរៀបចំឲ្យមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃ នៅមុខច្រកទ្វារ ចេញ-ចូល និងត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតឲ្យចូលក្នុងភោជនីយដ្ឋាន ។
៣. ត្រូវរក្សាគម្លាតសង្គមឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
៤. ត្រូវចូលរួមអនុវត្តន៍តាមសេចក្ដីជូនដំណឹងលេខ ៥៦ សជណ ចុះថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២០ របស់មន្ទីរទេសចរណ៍ ស្តីពី ការចូលរួមទប់ស្កាត់ ជំងឺ កូវីដ-១៩ ។
៥. ក្នុងករណីម្ចាស់ភោជនីយដ្ឋានខាងលើ មិនអនុវត្តន៍តាមការណែនាំនេះ រដ្ឋបាលខណ្ឌមានជ័យ នឹងបិទអាជីកម្មភោជនីយដ្ឋាននោះ ជាបណ្តោះអាសន្ន ៕








