សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងចូលទៅសាលាបឋមសិក្សាចុងឃ្នៀស

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ ស្ពានបេតុងចូលទៅសាលាបឋមសិក្សាចុងឃ្នៀស មានប្រវែងបណ្តោយ៦៨ម៉ែត្រ ទទឹង ៤ម៉ែត្រ ដែលចំណាយអស់ថវិកាសរុបចំនួន២៥០០០ដុល្លារសហរដ្ឋអាម៉េរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗនេះ ក្រោមវត្តមានឯកឧត្តម ឈួន ហុក អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ចុងឃ្នៀស អស់លោក លោកស្រី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានអញ្ជើញចូលរួមជាច្រើននាក់ផងដែរ។

យោងតាមរបាយការណ៍គណ:កម្មការទ្រទ្រង់សាលាសម្រាប់ការសាងសង់ស្ពានបេតុងមានប្រវែង៦៨ ម៉ែត្រ ដើម្បីចូលទៅកាន់សាលាបឋមសិក្សាចុងឃ្នៀសក្នុងឆ្នាំសិក្សា២០១៨-១៩ ដែលជាតម្រូវការចាំបាច់របស់សាលាមិនអាចខ្វះបានឡើយ។ ក្រោយពីបានសាងសង់អគារសិក្សារួចមក គណ:គ្រប់គ្រងសាលា ដោយយល់ឃើញពីភាពលំបាករបស់សិស្សានុសិស្សក្នុងការធ្វើដំណើរទៅកាន់សាលារៀនជារៀងរាល់ថ្ងៃនោះ ទើបចៅសង្កាត់ គណ:កម្មការទ្រទ្រង់សាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស បានដាក់សំណើសុំទៅឯកឧត្តម វ៉ា ឈូដា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ចុងឃ្នៀស ឲ្យជួយសាងសង់ស្ពានដែលមានប្រវែងបណ្តោយ៥០ម៉ែត្រ ទទឹង៤ ម៉ែត្រ ដែលត្រូវចំណាយអស់ថវិកាសរុបចំនួន២២៧០០ដុល្លាសហរដ្ឋអាម៉េរិក។

បន្ទាប់ពីបានសាងសង់ស្ពានប៉េតុង៥០ម៉ែត្រ រួចមកក៏បានបន្តសាងសង់ស្ពានចាស់ដែលក្រាលក្តារប្រវែង១៨ម៉ែត្រ ទទឹង ៤ម៉ែត្រ ដែលត្រូវចាក់ប៉េតុងជំនួសក្តារវិញ ចំណាយអស់ថវិកាចំនួន២៣០០ដុល្លារអាម៉េរិកបន្ថែមទៀត ដោយបានការឧបត្ថម្ភពី ឯកឧត្តម វ៉ា ឈូដា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ចុងឃ្នៀស និងក្រុមការងារចុះជួយសង្កាត់ចុងឃ្នៀសផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ឈួន ហុក អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ចុងឃ្នៀស បានអានសារលិខិតរបស់សម្តេចតេជោ ប្រធានគណបក្ស ដោយបានកត់សម្គាល់អំពីគោលបំណង គោលការណ៍ តួនាទី និងភារកិច្ចរបស់គណបក្ស ចាប់តាំងពីថ្ងៃបង្កើតចលនាតស៊ូ ឈានទៅការបង្កើតគណបក្ស ជាបន្តបន្ទាប់រហូតដល់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាជន ប្រទេសជាតិ និងការអភិវឌ្ឍឬន៍ប្រទេស ឲ្យមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

ឯកឧត្តម បានបន្តថា យើងត្រូវចេះរួបរួមសាមគ្គីគា្ន ជួយគ្នា រកដំណោះស្រាយ នៅពេលដែលបងប្អូនប្រជាពលរដ្ឋពួកគាត់មានបញ្ហាប្រឈមក្នុងការរស់នៅនាពេលនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគាត់ ក្នុងបរិបទដែលរាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា ក្នុងក្របខ័ណ្ឌនៃកំណែទម្រង់ស៊ីជម្រៅ ដើមី្បលើកកម្ពស់ប្រសិទ្ធភាពការងារ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចការពង្រឹងមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សុខសន្តិភាព និងស្ថិរភាពនយោបាយឲ្យកាន់តែរឹងមាំ កាន់ល្អប្រសើរទ្វេឡើង៕ធ.ដ

ដោយៈ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner