សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូត្រឡប់មកប្រទេសកម្ពុជាវិញដោយសុវត្ថិភាព ក្រោយ បំពេញបេសកកម្មការងារនៅប្រទេសជប៉ុន ប្រកបដោយជោគជ័យ
ភ្នំពេញ៖ នៅវេលាម៉ោង ជាង៧យប់ ថ្ងៃ ទី៣១ ខែឧសភា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជា ក្រោយពេលបំពេញបេសកកម្ម នៅប្រទេសជប៉ុន រយៈពេល៣ថ្ងៃ ប្រកបដោយជោគជ័យ ។
វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីជប៉ុន គឺបានពង្រឹងនូវមិត្តភាព និងសហប្រតិ បត្តិ ការកាន់តែល្អជិតស្និទ្ឋជាមួយមិត្តជប៉ុន។ សម្ដេចអរគុណរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុនដែល តែងតែចូលរួមជួយដល់ការ កសាងប្រទេសកម្ពុជា។ សម្ដេចក៏បានអរគុណក្រុមហ៊ុនឯកជនជប៉ុន ទាំង អស់ ដែលកំពុងវិនិយោគផ្តល់ការងាររាប់ម៉ឺនដល់ពលរដ្ឋខ្មែរ។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ដើម្បីបំពេញបេសកកម្មនៅជប៉ុន។ វត្តមាន នៃការអញ្ជើញដល់របស់ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ យ៉ាងស្និទ្ធស្នាល និងកក់ក្តៅបំផុត ពីអនុរដ្ឋមន្រ្តីការបរទេសជប៉ុន, ប្រធានពិធីការក្រសួង ការបរទេសជប៉ុន, ឯកឧត្តមអ៊ឹង រចនា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះ រាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ព្រមទាំងវត្តមានលោក លោកស្រី ជាឥស្សរជនជាន់ ខ្ពស់ក្រសួងការបរទេសជប៉ុន និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំ ប្រទេស ជប៉ុន ជាច្រើនរូប។
ដំណើរបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា សម្តេច តេជោ ហ៊ុន សែន បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាសីេ និងព្រឹត្តិការណ៍ជាច្រើនទៀត។ ក្រៅពីនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី មានជំនួបទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម អាបេ ស៊ីនហ្សូ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។ នាយករដ្ឋមន្ត្រីទាំងពីរ បានអញ្ជើញជាសាក្សី ក្នុងការចុះហត្ថលេខាលើលិខិត ផ្លាស់ប្តូរសារព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណង របស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២ រួមមាន៖ ទី១- ការអនុវត្ត កម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លាន យ៉េនជប៉ុន ប្រមាណ ១.៨លានដុល្លារអាមេរិក) និង ២- ការអនុវត្តគម្រោងអាហារូប ករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន ប្រមាណជាង ៣លាន ដុល្លារអាមេរិក។
ក្នុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជួបជាមួយឥស្សរៈជនជប៉ុន និងទទួលការចូលជួបសម្តែងការគួរសមពីតំណាងក្រុមហ៊ុនជប៉ុនជាច្រើនផងដែរ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុង សិក្ខាសាលា ស្តីពីការវិនិយោគនៅកម្ពុជា ដែលសហការរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និង ធនាគារមីហ្ស៊ូហូ (Mizuho)៕