ប្រមុខរដ្ឋាភិបាលទាំង២ កម្ពុជានិងជប៉ុន អញ្ជើញក្នុងពិធីចុះហត្ថលេខា លើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនសម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងជំនួបពិសារអាហារថ្ងៃត្រង់ការងារ

អត្ថបទដោយ៖
Kien Sereyvuth

  នៅព្រឹកថ្ងៃទី៣១ឧសភា ដែលជាថ្ងៃចុងក្រោយ នៃការស្នាក់អាស្រ័យអញ្ជើញចូលរួមសន្និសីទ អន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយករដ្ឋ មន្រ្តីជប៉ុន អាបេ ហ្សិនសូ បានអញ្ជើញ ធ្វើជាសាក្សីនៃពិធីចុះហត្ថលេខា លើលិខិត ប្តូរសារ នៃកិច្ចព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ ប្រទេស កម្ពុជាចំនួន២ ៖ ទី១- ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ ស្ថានីយ កុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ ១.៨លានដុល្លារអាមេរិក) និងទី២- ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩ លាន យ៉េនជប៉ុន ប្រមាណជាង ៣លានដុល្លារអាមេរិក ដែលចុះហត្ថលេខារវាង ឯកឧត្តម ហ៉ីដេហ៉ីសា ហូរីណូឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូតវិសាមញ និង ពេញ សមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូត វិសាមញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន។

  ក្នុងឱកាសនេះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា -ជប៉ុន ក៏បានអញ្ជើញធ្វើជួប  ពិភាក្សាទ្វេភាគី ក្នុងកម្មវិធីអាហារថ្ងៃត្រង់ស្ងិតក្នុងបរិយាកាសស្និទ្ធស្នាល។ ទាក់ទិនទៅនិងជំនួប អាហារ ថ្ងៃត្រង់នោះ បើតាមប្រសាសន៍របស់ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីបានអោយដឹងយ៉ាងដូច្នេះថា៖ ក្នុងជំនួបនេះ ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុនបានស្វាគមន៍សម្តេចតេជោ និងថ្វាយព្រះពរដល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនព្រះជន្ម ថ្មីៗនេះ  ។ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនបានមានប្រសាសន៏ថា ជប៉ុននឹងបន្ត ជួយដល់ប្រទេសកម្ពុជា រួមទាំងកិច្ចការប្រជាធិបតេយ្យផងដែរ។

  ឯកឧត្តម អាបេ បានកោតសរសើរ ដល់ស្ត្រីខ្មែរពីររូប ដែលបានធ្វើការនៅប្រទេសជប៉ុន ដោយចាត់ទុកថាជាគំរូដែលធ្វើការបានល្អ ហើយឯកឧត្តមបានមានប្រសាសន៍ថា យើងនឹងបន្តធ្វើការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរដើម្បីមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសពាក់ព័ន្ធទៅនិងកំពង់ផែនៅខេត្តព្រះសីហនុ ដែលជប៉ុនធ្លាប់បានធ្វើសហប្រតិបត្តិការរួចមកហើយ។ ពាក់ព័ន្ធនឹងបញ្ហាតំបន់ ឯកឧត្តមបានលើកឡើងថា ធ្វើយ៉ាងណាឲ្យតំបន់របស់យើង មានលក្ខណៈសេរីនិងបើកចំហ និងចង់ឲ្យមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាផងដែរ។

  ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូអាបេ ដែលបានលើកឡើងអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា។ ឆ្លៀតឱកាសនេះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណផងដែរ ដល់ប្រទេសជប៉ុន ជាពិសេសសម្រាប់ជំនួយលំហូសេដ្ឋកិច្ចទាំងឡាយ ប្រកបដោយ ប្រជាធិបតេយ្យ  ហើយសន្យាថានឹងបន្តធ្វើការជាមួយគ្នាក្នុងក្របខណ្ឌ ភាពជាដៃគូ យុទ្ធសាស្ត្រ ជាមួយគ្នាជាមួយប្រទេសជប៉ុននេះ។ រីឯ គំនិតផ្ដួចផ្ដើមដែលឯឧshinzo abe បានលើកឡើងអំពីលក្ខណៈសេរីនិងបើកចំហរនៅក្នុងតំបន់ សម្ដេចបាន ចាត់ទុកថាគឺពិតជាល្អណាស់ ដែលនឹងធ្វើឲ្យមានស្តង់ដារជាមួយនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់នេះ។

  សម្ដេចតេជោក៏បានអរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ដែលបានសរសើរ ដល់ស្ត្រីខ្មែរដែលធ្វើការនៅប្រទេសជប៉ុន ដែលចាត់ទុកថាជាគំរូ ធ្វើការបានល្អនោះ។ សម្ដេចក៏បានរំលឹកអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងពីរ ដែលព័ន្ធនពាក់ព័ន្ធនឹងការអភិវឌ្ឍធនធាន មនុស្សនិងគម្រោងសាងសង់ផែនៅខេត្តព្រះសីហនុ ហើយសម្ដេចក៏បានថ្លែងអំណរគុណសារជាថ្មីម្តងទៀតចំពោះ ការអភិវឌ្ឍសេដ្ឋកិច្ច កន្លងមកនេះ ដែលបានរួមចំណែកធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជារក្សាបានក្នុងរង្វង់ជាង៧%ប្រចាំឆ្នាំ ដែលធ្វើឲ្យថវិកាជាតិមានការកើនឡើងនិង មានការកែទម្រង់ជាច្រើននៅក្នុងប្រទេសកម្ពុជា។

  ទោះបីជាមានការអភិវឌ្ឍន៍រីកចម្រើន ប៉ុន្តែកម្ពុជានៅមានការប្រឈម ដែលត្រូវការជំនួយបន្ថែមទៀតជាពិសេស កម្ចីសម្បទាន និងជួយធ្វើយ៉ាងណាឲ្យប្រទេសជប៉ុន លើកទឹកចិត្តឲ្យមានយោគិនមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា។

  សម្ដេច ថា  ថ្វីដ្បិត ជប៉ុនមានវិនិយោគក្នុងលំដាប់ថ្នាក់ទី 6 នៅប្រទេសកម្ពុជា  ប៉ុន្តែវិនិយោគិនជប៉ុនគឺប្រកបដោយគុណភាព ។ យ៉ាងណាមិញ ដូចជាក្រុមហ៊ុនជប៉ុនមួយចំនួនដែលបានទៅបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាហើយនោះគឺជាក្រុមហ៊ុនដែល មានគុណភាព។

សម្តេចក៏បានស្នើឲ្យនាយករដ្ឋមន្រ្តីជប៉ុនបន្តជួយធ្វើយ៉ាងណា ជំរុញលើកទឹកចិត្តឲ្យវិនិយោគទុនជប៉ុនទៅ  បណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ ទន្ទឹមនេះសម្ដេចតេជោ ក៏បានលើកនូវសំណើមួយចំនួនទៀត ជូន   ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនឲ្យជួយទី១ បន្តលើការដោះមីននៅកម្ពុជាដល់អង្គការស៊ីម៉ាក់ ដែល គម្រោង 3 ឆ្នាំតទៅមុខទៀត ត្រូវការថវិកាប្រមាណ 28 លានដុល្លារអាមេរិក សម្រាប់ខេត្ត 3 បាត់ដំបង ប៉ៃលិន ពោធិ៍សាត់។
ទី២.ដោយសារឆ្នាំនេះកម្ពុជាមានកង្វះអគ្គិសនី ដោយសារបម្រែបម្រួលអាកាសធាតុ ដែលធ្វើឲ្យអគ្គិសនីកម្ពុជា ប្រើប្រាស់មិនគ្រប់គ្រាន់ ដូច្នេះសម្ដេចស្នើឲ្យភាគីជប៉ុនជួយ ពិចារណាលើសំណើនេះ ជាពិសេសការពិភាក្សាកន្លងមករវាងអង្គការចៃការ និងក្រសួងរ៉ែនិងថាមពល ដែលបានចុះសិក្សា ក្នុងការតបណ្ដាញពីព្រំដែនឡាវមកភ្នំពេញដែលមានប្រវែងជាង 350 គីឡូម៉ែត្រ ដើម្បីទិញភ្លើងចេញពីប្រទេសឡាវ។

ពាក់ព័ន្ធនឹងបញ្ហាថែរក្សាសុខសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិដែលកន្លងមកប្រទេសទាំងពីរបានបញ្ជូន កងទ័ពមួកខៀវទៅកាន់បណ្ដាប្រទេសមួយចំនួននោះ សម្ដេចក៏បានស្នើ ឲ្យកងព័តមួកខៀវនៃប្រទេសទាំងពីរ មានការផ្លាស់ប្ដូរព័ត៌មានពីគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាកាត់បន្ថយនូវការគំរាមកំហែង ដល់ទាហានមួកខៀវនេះ។ មិនត្រឹមតែប៉ុណ្ណោះទេគឺធ្វើយ៉ាងណាបញ្ចៀសកុំឲ្យមានការបាត់បង់ជីវិតដល់កងទ័ពមួកខៀវនេះ។ជាចុងក្រោយសម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រី shinzo abe អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ 2020 ខាងមុខ។
 
ជាការឆ្លើយតបឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្សូអាបេ បានមានប្រសាសន៍ថាពាក់ព័ន្ធនឹងការវិនិយោគពីជប៉ុនទៅកម្ពុជា ឯកឧត្តមស្វាគមន៍ចំពោះ វិធានការ ដែលសម្ដេចតេជោបានដាក់ចេញ កន្លងមកនេះ ក្នុងការកាត់បន្ថយការចំណាយរបស់ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា នឹក្នុងប្រទេសកម្ពុជាដើម។

ទន្ទឹមនេះឯកឧត្តមក៏បានស្នើឱ្យសម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តមានវិធានការផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យការ  ប្រកួតប្រជែង និងស្នើសុំឲ្យមានការប្រជុំគណៈកម្មការកម្ពុជាជប៉ុន ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយ ហើយឯកឧត្តមបានមានប្រសាសន៍ថាអ្វីដែលជា ការចាប់អារម្មណ៍សំខាន់របស់ជប៉ុនគឺកំពង់ផែ នៅខេត្តព្រះសីហនុ ដោយជប៉ុនត្រៀមសហការជាមួយប្រទេសកម្ពុជា ជួយសិក្សាផែនការមេ សម្រាប់ផែនៅប្រទេសកម្ពុជាហើយឧត្តមបានស្វាគមន៍ ចំពោះការពិភាក្សារវាងអង្គការចៃកានិងកំពង់ផែនៅខេត្តព្រះសីហនុ។
 
ចំពោះការអភិវឌ្ឍធនធានមនុស្សវិញ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនបានមានប្រសាសន៍ថាជប៉ុនគឺកំពុងតែយកចិត្តទុកដាក់ជួយទៅលើការបណ្តុះបណ្តាលធនធានមនុស្សនេះហើយ ដែលជានិច្ចកាលជប៉ុនតែងតែចូលរួមក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សដល់ប្រទេសកម្ពុជា ហើយពាក់ព័ន្ធនឹងការអភិវឌ្ឍនៅទីក្រុងភ្នំពេញជប៉ុនបានផ្ដល់ ជំនួយមួយចំនួនដូចជាកម្ចី ហិរញ្ញប្បទាន ជាពិសេសគឺសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ហើយពាក់ព័ន្ធនឹងពលករមកធ្វើការនៅប្រទេសជប៉ុននេះ និងប្រើប្រាស់មជ្ឈមណ្ឌលវប្បធម៌ជប៉ុន តាមរយៈការផ្លាស់ប្ដូរវប្បធម៌រវាងគ្នា។
 
ពាក់ព័ន្ធនឹងការស្នើសុំឲ្យជួយលើវិស័យអគ្គិសនី ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនបានឲ្យភាគីកម្ពុជាធ្វើការពិភាក្សាជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំទីក្រុងភ្នំពេញ រីឯសំណើពីបញ្ហាការដោះមានក៏ដូច្នោះដែរ ក៏សូមឲ្យ ធ្វើការពិភាក្សាជាមួយនឹងអគ្គរាជទូតជប៉ុនប្រចាំនៅទីក្រុងភ្នំពេញផងដែរ។

  ជាចុងក្រោយឯកឧត្តមបានស្វាគមន៍កម្ពុជាដែលនឹងរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅឆ្នាំ 2020 ខាងមុខ ដែលពេលនោះយើងនឹងអាចពិភាក្សាគ្នាលើបញ្ហាមួយចំនួន។ឯកឧត្តមបានគូសបញ្ជាក់ថាឯកឧត្តមនឹងបន្ត ទទួលយុវជនវ័យក្មេងឲ្យមកសិក្សាដកពិសោធនៅប្រទេសជប៉ុនផងដែរហើយឯកឧត្តមសង្ឃឹមថាសូមឱ្យសម្ដេចបន្ត ការកែទម្រង់នៅក្នុងប្រទេសកម្ពុជា ជាពិសេសការពង្រឹងច្បាប់។ ឯកឧត្តមក៏បានលើកឡើងផង ដែរអំពីបញ្ហាឧបទ្វីបកូរ៉េដែល កូរ៉េខាងជើងមានការបាញ់កាំជ្រួចដែលចាត់ទុកជាការរំលោភ សន្ធិសញ្ញានៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយអ្វីដែលសំខាន់ ជាងគេទៀត ត្រូវតែអនុវត្តឲ្យបាន ម៉ត់ចត់នូវសេចក្តីសម្រេចរបស់ របស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ហើយសង្ឃឹមថាកម្ពុជានឹងចូលរួមក្នុងការអនុវត្តន៍នៅ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផងដែរ។ ដូច្នេះឯកឧត្តមចង់ឲ្យជប៉ុននិងកម្ពុជាមានការសហការគ្នា ដើម្បីអនុវត្តលើបញ្ហាពាក់ព័ន្ធលើបញ្ហាឧបទ្វីបកូរ៉េ រួមទាំងបញ្ហានៃការចាប់ជំរិតជនជាតិជប៉ុនផងដែរ។

  នាយករដ្ឋមន្ត្រីជប៉ុនក៏បានលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូង  ដោយបានស្នើឲ្យសម្តេចសហការក្នុងក្របខណ្ឌអាស៊ានជំរុញការតាក់តែងនូវក្រមCOCអោយបានឆាប់ ហើយពាក់ព័ន្ធការស្នើរបស់សម្តេចអោយមានការផ្លាស់ប្តូរព័ត៍មានរវាងទាហានមួកខៀវនោះ ឯឧនាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងគាំទ្រទៅការ ផ្លាស់ប្ដូរព័ត៌មានរបស់ទាហានមួកខៀវនៃប្រទេសទាំងពីរ ដែលកំពុងប្រតិបត្តិការកមឆ័ត្រអង្គការសហប្រជាជាតិ។ពាក់ព័ន្ធរាល់ការ ស្នើពីនាយករដ្ឋមន្ត្រីជប៉ុនខាងលើសម្តេចក៏ឆ្លើយតបថានឹងចូលរួមសហការអោយបានល្អ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner