អភិបាលខណ្ឌឫស្សីកែវ ឧបត្ថម្ភថវិកា សម្លៀកបំពាក់ជូនប្រជាការពារជិត២០០នាក់ និងប្រាប់ពីនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន
(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងបញ្ជាក់ថា ក្រៅពីបញ្ចប់សង្គ្រាមនៅកម្ពុជា នយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ នៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៌ មកទល់បច្ចុប្បន្នមានកំណើនសេដ្ឋកិច្ចខ្ពស់ ៧% នៅអាស៉ី។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាការពារ ចំនួន១៨៧នាក់ ដើម្បីឧបត្ថម្ភថវិកា សម្លៀកបំពាក់ និងមួយក្នុងម្នាក់មួយឈុត នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ លោក ជា ពិសី បានថ្លែងបញ្ជាក់ទៀតថា ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បានយកអាយុជីវិតរបស់សម្ដេចផ្ទាល់ទៅធ្វើជាដើមទុន លើកិច្ចចចារយល់ព្រម៣ចំណុច ដើម្បីទទួលបាននូវសុខសន្តិភាព ពេញលេញនៅឆ្នាំ១៩៩៨ រហូតដល់ ខ្មែរក្រហម យល់ព្រម ជាមួយ រាជរដ្ឋាភិបាល ទាំងស្រុង នៅ ឆ្នាំ ១៩៩៩។
លោកអភិបាលខណ្ឌឫស្សីកែវបន្តថា ក្នុងកិច្ចចចារ៣ចំណុចនោះរួមមាន៖ ទី១-ធានាអាយុជីវិតឲ្យគេ ទី២-ធានាឲ្យមានមុខរបរ និងការងារឲ្យគេ ប្រសិនជាមេភូមិ ឲ្យធ្វើមេភូមិ បើជាមេឃុំ ត្រូវឲ្យធ្វើជាមេឃុំ ឯទី៣-ធានាទាំងធន់ធាន និងទ្រព្យសម្បត្តិ ដែលនេះហើយ ជាគោលនយោបាយ ឈ្នះ-ឈ្នះ ដែលបានដាក់ចេញយ៉ាងច្បាស់នាសម័យនោះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕ ដោយ ហាស់ កំសាន្ដ