លោក Anwar Ibrahim ប្តេជ្ញាបន្តជួយស្វែងរកសន្តិភាពនៅមីយ៉ាន់ម៉ា

គូឡា ឡាំពូ ៖ បន្ទាប់ពីបានជួយឲ្យមានបទឈប់បាញ់ កម្ពុជា-ថៃ កាលពីចុងខែកក្កដា
លោក Anwar Ibrahim នាយករដ្ឋមន្ត្រី ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នេះ បានប្តេជ្ញាថា លោកនឹងបន្តស្វែងរកសន្តិភាព នៅប្រទេសមីយ៉ាន់ម៉ា ដែលមានកំពុងមានសង្គ្រាមស៊ីវិល។

លោក Anwar បានប្រាប់ថា ការទទួលបានសន្តិភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាអាទិភាពដ៏អស្ចារ្យមួយ រួមជាមួយនឹងជំនួយមនុស្សធម៌ជាបន្ទាន់ សម្រាប់ជនភៀសខ្លួន និង ជនរងគ្រោះ ដោយសារការរញ្ជួយដី។

លោកបានបន្តថា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នឹងសម្របសម្រួលបេសកកម្ម នៅមីយ៉ាន់ម៉ានេះ ដែលកំណត់ សម្រាប់សប្តាហ៍ខាងមុខ រួមជាមួយនឹងសមភាគី ក្នុងតំបន់ មួយចំនួនទៀត។

លោក Anwar បានប្រកាសបែបនេះ អំឡុងសន្និសីទសារព័ត៌មាន រួមជាមួយនឹង ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព បង់ក្លាដែស លោក Muhammad Yunus នៅទីក្រុង Putrajaya ដែលបានផ្តើមទស្សនកិច្ច នៅម៉ាឡេស៊ី នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន រយធឺ។ លោក បញ្ជាក់ថា បង់ក្លាដែស ក៏ស្ថិតក្នុងចំណោមដៃគូ ក្នុងតំបន់ ដែលត្រូវបញ្ជូនបេសកកម្មសន្តិភាព ទៅ មីយ៉ាន់ម៉ា
ដើម្បីជំរុញសន្តិភាព និងជំនួយមនុស្សធម៌ សម្រាប់ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ផងដែរ។

លោក Anwar បានអះអាងដែរថា ម៉ាឡេស៊ី ដែលគេដឹងថា ជាប្រធានប្តូរវេនអាស៊ាន មានការព្រួយបារម្ភ ចំពោះបន្ទុក ដែលដាក់លើប្រទេសបង់ក្លាដែស ក្នុងការទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដ៏ច្រើនសម្បើម។

អង្គការសហប្រជាជាតិ បាននិយាយថា ក្នុងសង្គ្រាមស៊ីវិល នៅមីយ៉ាន់ម៉ា ក៏កើតមានអំពើហិង្សា ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា ដែលជាជនជាតិភាគតិចមូស្លីមភាគច្រើន នៅក្នុងរដ្ឋរ៉ាឃីន ភាគខាងលិច នៃប្រទេសមីយ៉ាន់ម៉ា ក្នុងនោះ បានបង្ខំ ឲ្យរ៉ូហ៊ីងយ៉ា ប្រហែល១៥ម៉ឺននាក់ ភៀសខ្លួន ទៅបង់ក្លាដែស ត្រឹមរយៈពេល ១៨ខែ កន្លងមកនេះ៕

ប្រភពពី រយធឺ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner