លោក Trump ថា រុស្ស៊ី និងអ៊ុយក្រែនចាំបាច់ត្រូវដោះដូរទឹកដីគ្នាទៅវិញទៅមក ដើម្បីបញ្ចប់សង្គ្រាម

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump និយាយថា ទាំងរុស្ស៊ី និងអ៊ុយក្រែន ចាំបាច់ត្រូវតែធ្វើការដោះដូរទឹកដីមួយចំនួនទៅវិញទៅមកដើម្បីបិទបញ្ចប់ភ្លើងសង្រ្គាម ដោយលោកបន្ថែមថា ការចរចរបស់លោកជាមួយមេដឹកនាំរុស្ស៉ី លោក Vladimir Putin ក្នុងពេលឆាប់ៗនេះ នឹងបង្ហញថាតើភាគីរុស្ស៉ីពិតជាមានឆន្ទៈចង់ធ្វើកិច្ចព្រមព្រៀងមួយដែរឬអត់? នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី១២ ខែសីហា។

មេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំរូបនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯសេតវិមានថា រូបលោកអាចនឹងដឹងភ្លាមក្នុងពេល២នាទី ថាតើការចរចាជាមួយលោកប្រធានាធិបតី Putin នឹងមានភាពរីកចម្រើនដែរឬក៏អត់? តែខ្ញុំអាចប្រាប់បានថា ទាំងអ៊ុយក្រែន និងរុស្ស៉ី ចាំបាច់ត្រូវតែធ្វើសម្បទានទឹកដីមួយចំនួនទៅវិញទៅមក ដើម្បីពន្លត់ភ្លើងសង្គ្រាមអូសបន្លាយជាង ៣ឆ្នាំមកនេះ។

បណ្ដាមេដឹកនាំអឺរ៉ុប និងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky មានគោលបំណងធ្វើកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី Trump នៅមុនកិច្ចប្រជុំកំពូលរវាងលោកជាមួយលោកប្រធានាធិបតី ពូទីន នៅរដ្ឋ Alaska ក្នុងថ្ងៃសុក្រសប្ដាហ៍នេះ ចំពេលអឺរ៉ុបមានការព្រួយបារម្ភថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងយល់ព្រមលើលក្ខខណ្ឌសន្តិភាពដែលមិនអំណោយផលដល់ទីក្រុងកៀវ។

គួរកត់សម្គាល់ លោកប្រធានាធិបតី Trump បានពង្រឹងជំហរតឹងតែងរបស់លោកចំពោះរុស្ស៊ី ដោយអនុញ្ញាតឱ្យបញ្ជូនអាវុធបន្ថែមរបស់អាមេរិកទៅកាន់អ៊ុយក្រែន និងគំរាមដាក់ពន្ធធ្ងន់ៗប្រឆាំងនឹងអ្នកទិញប្រេងពីរុស្ស៊ីទៀតផង ប៉ុន្តែភាពភ័យខ្លាចនៅតែបន្តកើតមានក្នុងចិត្តអឺរ៉ុប ដែលថាមេដឹកនាំអាមេរិករូបនេះ អាចនឹងយល់ព្រមចំពោះកិច្ចព្រមព្រៀងមួយ ដែលបង្ខំឱ្យមានសម្បទានធំៗពីអ៊ុយក្រែន។

ចំណែកកន្លងមក លោកប្រធានាធិបតី Trump ក៏ធ្លាប់បានលើកឡើងពីការធ្វើសម្បទានទឹកដី ដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនផងដែរ។ ប៉ុន្តែទាំងរុស្ស៉ី និងអ៊ុយក្រែនបានច្រានចោលរៀងៗខ្លួន ចំពោះគំនិតចង់ឱ្យពួកគេបោះបង់ទឹកដីជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព។ ទន្ទឹមគ្នា រដ្ឋាភិបាលអឺរ៉ុបក៏បានព្រមានដែរថា សម្បទានទឹកដីសំខាន់ៗដល់រុស្ស៊ីអាចបង្កើតហានិភ័យសន្តិសុខរយៈពេលវែងសម្រាប់លោកខាងលិច៕

ប្រភព ៖ Channel News Asia ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner