ខ្យល់កន្ត្រាក់បក់រំលំផ្ទះប្រជាពលរដ្ឋនៅស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ អស់ជាង១០០ខ្នង
អត្ថបទដោយ៖
Kien Sereyvuth
បន្ទាយមានជ័យ៖ ខ្យល់កន្ត្រាក់បន្តវាយប្រហារបក់រំលំផ្ទះប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ខែមេសា ដោយព័ត៌មានបឋមនៅស្រុកមង្គលបូរីប៉ះត្រូវ៩២ខ្នង និងក្រុងសិរីសោភ័ណ២២ខ្នង ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានឲ្យដឹងថា នារាត្រីថ្ងៃទី២៦ ខែមេសា នេះ ខ្យល់កន្ត្រាក់ពេលភ្លៀងធ្លាក់កាលពីល្ងាចថ្ងៃទី២៦ខែមេសា បានប៉ះពាល់ដល់ផ្ទះសម្បែង សំណង់នានារបស់ប្រជាពលរដ្ឋនៅស្រុកនេះ ហើយព័ត៌មានបឋម ដែលទទួលបាន គឺមាន៩២ខ្នង។
ក្នុងនោះនៅឃុំបត់ត្រង់៨៤ខ្នង ឃុំអូរប្រាសាទ៣ខ្នង និងឃុំប្ញស្សីក្រោក៥ខ្នង។ ចំណែក លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ក៏បានឲ្យដឹងដែរថា នៅសង្កាត់អូរអំបិល ទឹកថ្លា និងព្រះពន្លា នៃក្រុងសិរីសោភ័ណ ខ្យល់កន្ត្រាក់កាលពីល្ងាច និងយប់ ថ្ងៃទី២៦ ខែមេសា នេះដែរ ដោយព័ត៌មានបឋម គឺខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន២២ខ្នង៕ធ.ដ
ដោយ៖ ឃិន គន្ធា