អភិបាលខេត្ត ណែនាំឲ្យមន្ត្រីក្រុមប្រឹក្សាសង្កាត់បន្តបម្រើសេវាដល់ប្រជាពលរដ្ឋ
បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម សួន បវរ បានណែនាំឲ្យចៅសង្កាត់ និងជាប្រធានក្រុមប្រឹក្សាសង្កាត់ ក៏ដូចចៅសង្កាត់រង និងមន្ត្រីក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បន្តបម្រើសេវានិងដោះស្រាយបញ្ហានានាជូនដល់ពលរដ្ឋ។
ឯកឧត្ដម បានណែនាំបែបនេះ ក្នុងពីធីប្រកាស់ចូលកាន់មុខតំណែងលោក ស្រិល អូន ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ជំនួសលោក គាត ហ៊ុល ដែលបានលាលែងតំណែង និងត្រូវតែងតាំងជាអភិបាលក្រុងប៉ោយប៉ែត។ ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៧រោច ខែចែត្រ ឆ្នាំកុរ ឯក ស័ក ព. ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ នៅសាលាសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ក្នុងឱកាសនោះដែរ លោក គាត ហ៊ុល អតីតចៅសង្កាត់ និងជាប្រធានក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាល បានរាយការណ៍សង្ខេបពីលទ្ធផលការងាររបស់សង្កាត់នាពេលកន្លងមកថ្មីៗនេះ។
ជាមួយគ្នានេះ ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានអបអរសាទរ និងលើកទឹកចិត្តដល់មន្ត្រីថ្នាក់ដឹកនាំសង្កាត់ផ្សារកណ្តាលផងដែរ និងបានណែនាំដល់មន្ត្រីទាំងអស់ បន្តខិតខំអនុវត្តន៍តាមគោលនយោបាយ តាមតួនាទីភារកិច្ចដើម្បីបន្តអភិវឌ្ឍន៍សង្កាត់ និងឆ្លើយតបដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាសម្រួលដល់អាជីវករ និងអ្នកវិនិយោគទាំងឡាយទៅរកស៊ីក្នុងភូមិសាស្ត្រខ្លួន៕ធ.ដ
ដោយ៖ ឃិន គន្ធា