Amazon គ្រោងបាញ់បង្ហោះផ្កាយរណបចំនួន៣.២៣៦គ្រឿង ទៅទីអវកាស ដើម្បីពង្រីកការផ្តល់សេវាអ៊ីនធើណែតដល់អ្នកប្រើប្រាស់
សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនចែកចាយផលិតផលអនឡាញដ៏ធំរបស់សហរដ្ឋអាម៉េរិក Amazon គ្រោងនឹងបាញ់ផ្កាយរណបរាប់ពាន់គ្រឿងឡើងទៅកាន់ទីអវកាស ស្ថិតក្នុងគោលបំណងបង្កើតបណ្តាញផ្តល់សេវាអ៊ីនធើណែតល្បឿនលឿន ។

ផែនការនេះ មានឈ្មោះថា Kuiper គឺជាគម្រោងការមានចក្ខុវិស័យវែងឆ្ងាយមួយ ដែលនឹងបម្រើដល់មនុស្សរាប់សិបលាននាក់នៅលើផែនដី ដែលបច្ចុប្បន្នពុំមានឱកាសទទួលបានការប្រើប្រាស់សេវាអ៊ីនធើណែត នេះបើតាមការបញ្ជាក់របស់ Amazon ។ គម្រោងនេះទៀតសោត នឹងផ្តោតសំខាន់លើការបាញ់បញ្ជូនផ្កាយរណបសរុបទាំងអស់ចំនួន៣.២៣៦គ្រឿង ឡើងទៅកាន់គន្លងកម្រិតទាបរបស់ផែនដី ។

ក្រុមហ៊ុន Amazon បានឱ្យដឹងទៀតថា ក្នុងនោះផ្កាយរណប៧៨៤គ្រឿងនឹងស្ថិតនៅរយៈកម្ពស់៥៩០គីឡូម៉ែត្រ ១.២៩៦គ្រឿង នៅកម្ពស់៦១០គីឡូម៉ែត្រ និង១.១៥៦គ្រឿង ទៀតនៅរយៈកម្ពស់៦៣០គីឡូម៉ែត្រពីផ្ទៃផែនដី ។ ផ្កាយរណបរាប់ពាន់គ្រឿងនេះ ត្រូវគេរំពឹងថា នឹងអាចផ្តល់សេវាគ្របដណ្តប់បានស្ទើរតែពាសពេញផែនដី ឬស្មើនឹងជាង៩០ភាគរយនៃចំនួនប្រជាជនទាំងអស់នៅលើពិភពលោក ៕ធ.ដ

