អនុសាខាកាកបាទក្រហមស្រុកអង្គស្នួល នាំយកអំណោយទៅជួយជនរងគ្រោះដោយសារខ្យល់កន្ទ្រាក់ដួលរលំ និងខូចខាតផ្ទះជាង១០ខ្នង នៅឃុំលំហាច
អង្គស្នួល៖ ផ្ទះចំនួនជាង១០ខ្នងបានដួលរលំ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរកាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅក្នុងឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ហើយនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ក្រុមការងារអនុសាខាកាកបាទក្រហមស្រុកអង្គស្នួល ដឹកនាំដោយលោក នឹម នីរ៉ាដេត គណអភិបាលស្រុក បាននាំយកអំណោយមនុស្សធម៍ទៅចែកជូនបងប្អូន ដែលបានរងគ្រោះដោយគ្រោះធម្មជាតិ(ខ្យល់កន្ទ្រាក់)ដល់លំនៅដ្ឋាន ។

លោក នឹម នីរ៉ាដេត បានលើកឡើងថា នេះជាគ្រោះធម្មជាតិដ៏អាក្រក់ ហើយក្នុងនាមរដ្ឋបាលស្រុកចូលរួមសោកស្តាយយ៉ាងខ្លាំងចំពោះបងប្អូនដែលបានខូចខាត និងបាត់បង់ផ្ទះទាំងស្រុង ហើយបាតុភូតទាំងនេះនៅបន្តដែលបណ្តាលឲ្យងាយរងគ្រោះ ដូច្នេះមានតែបងប្អូននាំគ្នាប្រុងប្រយ័ត្នឲ្យបានខ្ពង់បំផុត ។ លោកបានបន្តថា អំណោយមនុស្សធម៍នេះគ្រាន់តែដោះស្រាយមួយគ្រាសិន ហើយអនុសាខាកាកបាទក្រហមកំពុងតែអំពាវនាវស្វែងរកសប្បុរសជនដើម្បីយកថវិកា និងសម្ភារៈមកដោះស្រាយជូនបងប្អូនដែលរលំផ្ទះបាក់រាបដល់ដីចំនួន០៤ខ្នង ក្នុងចំណោមជាង១០ខ្នងបន្ថែម ដើម្បីជួយកាត់បន្ថយការលំបាក រួមទាំងជួយផ្គត់ផ្គង់ប្រចាំថ្ងៃទម្រាំការកសាងលំនៅដ្ឋានបានរួចរាល់ ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ជានិច្ចជាកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម តែងតែបានផ្តាំផ្ញើ សាកសួរសុខទុក្ខ ចំពោះបងប្អូនទាំងអស់ដោយក្តីនឹករលឹក ដោយមិនទុកឲ្យជនរួមជាតិម្នាក់ណាចោលឡើយ ។
សូមប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រើប្រាស់ភ្លើងគ្រប់ប្រភេទ ហើយត្រូវដាំដើមឈើជុំវិញផ្ទះ ដើម្បីការពារនៅពេលមានខ្យល់បក់បោកខ្លាំង ត្រូវរកកន្លែង ដែលមានសុវត្ថិភាព ព្រោះឆ្នាំនេះ បើតាមក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នឹងមានភ្លៀងធ្លាក់ នឹងមានខ្យល់បក់បោកខ្លាំងដោយលាយឡំ ផ្គរ និងរន្ទះផងដែរ ៕ធ.ដ




