អាមេរិក បាញ់មីស៊ីលដាក់នាវា ដែលប៉ងបើកចូលប្រទេសអ៊ីរ៉ង់
បរទេស ៖ យោធាអាមេរិកអះអាង កាលពីថ្ងៃអង្គារថា ខ្លួនបានបាញ់មីស៊ីល
ទៅលើនាវាដឹកប្រេង ឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមិនស្តាប់ តាមការព្រមាន។ ជាការបាញ់ប្រហារ ចំពេលដែលអាមេរិក នៅតែបន្តបិទកំពង់ផែ របស់សាធារណរដ្ឋឥស្លាមមួយនេះ។
បើតាម CNA, នេះគឺជាផ្នែកមួយនៃការរារាំង ដែលត្រូវបានដាក់ចេញដោយប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីជំរុញឱ្យទីក្រុង Tehran ចរចាកិច្ចព្រមព្រៀងសន្តិភាព តាមលក្ខខណ្ឌរបស់លោក។
ទីបញ្ជាការកណ្តាលរបស់យោធាអាមេរិកបានបង្ហោះវីដេអូ ដែលបង្ហាញពីកាំជ្រួច វាយប្រហារនាវាដឹកប្រេង ហើយបាននិយាយថា គេបានសំដៅទៅលើបន្ទប់ម៉ាស៊ីន របស់នាវា M/T Lexie ដែលមានទង់ជាតិ ប្រទេស Botswana។
ទីបញ្ជាការកណ្តាល បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា «នាវិករបស់កប៉ាល់ មិនអើពើនឹងការព្រមាន ម្តងហើយម្តងទៀត ដោយមិនបានអនុវត្តតាមការណែនាំពីកងកម្លាំងសហរដ្ឋអាមេរិក ច្រើនដង ក្នុងរយៈពេល ២៤ ម៉ោង…ទីបំផុត យន្តហោះអាមេរិកមួយគ្រឿងបានបិទនាវា ដោយការបាញ់មីស៊ីល Hellfire ចូលទៅក្នុងបន្ទប់ម៉ាស៊ីនរបស់នាវា ដោយរារាំងនាវាដឹកប្រេងមួយនេះ មិនឱ្យទៅដល់ប្រទេសអ៊ីរ៉ង់»។
នាវា Lexie គឺជាកប៉ាល់ទី៦ ដែលយោធាអាមេរិកបានបិទ ចាប់តាំងពីកងទ័ពជើងទឹកប្រទេសនេះបានចាប់ផ្តើមបិទប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមេសា។
យោធាអាមេរិកបាននិយាយថា ខ្លួនក៏បានប្តូរទិសនាវា ចំនួន១២២គ្រឿង ដែលកំពុងស្វែងរកការចូល ឬ ចេញពីកំពង់ផែអ៊ីរ៉ង់ មកទល់ពេលនេះ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត
