ប្រព័ន្ធទូទាត់ QR ឆ្លងដែនរវាងកម្ពុជា-ឥណ្ឌាចាប់ផ្តើមដំណើរការ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធទូទាត់ UPI/QR ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ដែលបានរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី២ឧសភា។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ប្រព័ន្ធទូទាត់ QR ឆ្លងដែននេះនឹងផ្តល់ភាពងាយស្រួល និងការទាក់ទាញបន្ថែមដល់ភ្ញៀវទេសចរ និងប្រជាជនឥណ្ឌាមកទស្សនាកម្ពុជាកាន់តែច្រើនឡើង ជាពិសេសនៅក្នុងរដូវកាលបៃតង និងព្រឹត្តិការណ៍យោគៈអន្តរជាតិដ៏ធំនៅកម្ពុជានាខែមិថុនានេះ។

ឯកឧត្តមបានបន្ថែមថា ការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលឆ្លងដែននេះ មិនត្រឹមតែជាការរីកចម្រើនផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់ប្រជាជន អាជីវកម្ម និងភ្ញៀវទេសចររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។

ប្រព័ន្ធទូទាត់ UPI/QR នឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ គាំទ្រដល់អាជីវកម្មទេសចរណ៍ និងជំរុញការកសាងសេដ្ឋកិច្ចឌីជីថល ដែលមានភាពតភ្ជាប់ និងបរិយាបន្ន និងជាការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។

បន្ថែមពីលើនេះ ប្រព័ន្ធទូទាត់ឆ្លងដែននេះក៏នឹងជួយលើកកម្ពស់បទពិសោធការធ្វើដំណើរដ៏រលូនរបស់ភ្ញៀវទេសចរ និងប្រជាជនឥណ្ឌា និងបង្កើតឱកាសថ្មីៗ សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌា តាមរយៈការបង្កើនចំនួនភ្ញៀវទេសចរ ការពង្រឹងការតភ្ជាប់ជើងហោះហើរ ការលើកកម្ពស់ទេសចរណ៍សាសនា និងសុខុមាលភាព ព្រមទាំងការពង្រឹងកិច្ចសហការរវាងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។

ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាបានទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាប្រមាណ ២២ ០០០នាក់ ហើយរំពឹងថាចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀត តាមរយៈការពង្រឹងការតភ្ជាប់ ការសម្រួលការធ្វើដំណើរ និងការអនុវត្តគំនិតផ្តួចផ្តើមថ្មីៗ ដែលជួយបង្កើនភាពងាយស្រួល និងបទពិសោធរបស់ភ្ញៀវទេសចរ ជាពិសេសព្រឹត្តការណ៍យោគៈអន្តរជាតិដែលនឹងរៀបចំនៅក្នុងប្រទេសកម្ពុជា៕

ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner