លោក ពូទីន ថា សង្គ្រាមអ៊ីរ៉ង់ នាំឲ្យអាមេរិកមិនសូវខ្វល់លើអ៊ុយក្រែន

មូស្គូ ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីប្រទេសរុស្ស៊ី បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ថា សង្គ្រាមអ៊ីរ៉ង់ បានជំរុញឲ្យអាមេរិក ផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួន លើអ៊ុយក្រែន។

លោក ពូទីន ប្រាប់អ្នកកាសែតបរទេស រួមទាំង AFP នៅទីក្រុង Saint Petersburg ថា សហរដ្ឋអាមេរិកបានផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួន ចេញពីការព្យាយាមបញ្ចប់ជម្លោះអ៊ុយក្រែន ចាប់តាំងពីប្រទេសមួយនេះ បានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់។

លោករៀបរាប់ថា «តាមធម្មជាតិ យើងទាំងអស់គ្នាអាចមើលឃើញ និងយល់បានថា រដ្ឋបាលសហរដ្ឋអាមេរិក កំពុងត្រូវបានបង្ខំឱ្យផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួន និងដោះស្រាយបញ្ហានេះ លើសពីអ្វីផ្សេងទៀត» ។

ការអះអាងរបស់មេដឹកនាំរុស្ស៊ីរូបនេះ បានធ្វើឡើង ចំពេលដែលសង្គ្រាម ដែលអូសបន្លាយពេលចូលដល់ឆ្នាំទី ៥ មួយនេះ បាននិងកំពុងកក្រើកឡើងវិញ។

ជាក់ស្តែង កាលពីថ្ងៃអង្គារ រុស្ស៊ីបានប្រើប្រាស់មីស៊ីលចំនួន ៧៣គ្រាប់ និងយន្តហោះគ្មានមនុស្សបើករហូតដល់ ៦៥៦គ្រឿងវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន បណ្តាលឱ្យមនុស្ស ១៧នាក់ស្លាប់ និង១០០នាក់ទៀតរបួស ។

ការវាយប្រហារទ្រង់ទ្រាយធំនេះ បានកើតឡើងក្រោយរុស្ស៊ីចោទអ៊ុយក្រែន ថាបានប្រើប្រាស់ដ្រូនវាយប្រហារអគារស្នាក់នៅរបស់និសិ្សត ក្នុងតំបន់ លូហាន់ ដែលគ្រប់គ្រងដោយរុស្ស៊ី កាលពីខែឧសភា ដែលបណ្តាលឱ្យមានជនស៊ីវិលជាច្រើនស្លាប់ និងរបួស ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner