លោក ត្រាំ ថា នឹងមើលថែគុយបា បន្ទាប់ពីហ៊ុមព័ទ្ធសេដ្ឋកិច្ច

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងមើលថែ ប្រទេសគុយបា បន្ទាប់ពីរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ហ៊ុមព័ទ្ធសេដ្ឋកិច្ច ប្រទេសជាកោះមួយនេះ។

អំឡុងការថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងការិយាល័យ Oval នាសេតវិមាន, លោក ប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងយកចិត្តទុកដាក់ លើប្រទេសគុយបា ប៉ុន្តែ មេដឹកនាំរូបនេះ ហៅរដ្ឋាភិបាលប្រទេសគុយបាថា «តឹងតែង និង អាក្រក់ខ្លាំងណាស់»។

បើតាម Al Jazeera , ចាប់តាំងពីដើមឆ្នាំមក, រដ្ឋបាលរបស់ លោក Trump បានបិទការនាំចេញប្រេង ទ្រង់ទ្រាយធំទៅកាន់ប្រទេសគុយបា បន្ទាប់ពីអាមេរិកចាប់ផ្តើមប្រតិបត្តិការយោធាដើម្បីចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីដើមឆ្នាំ ។

លោក Trump បានលើកឡើង បន្ទាប់ពីប្រតិបត្តិការនោះថា នឹងមិនមានការផ្ទេរប្រេង ឬ មូលនិធិ ពីវេណេស៊ុយអេឡា ទៅ គុយបា ទៀត ទេ។

ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០, ប្រទេសគុយបា បានស្ថិតនៅក្រោមការហ៊ុមព័ទ្ធពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិកយ៉ាងខ្លាំង ដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនចុះខ្សោយ ។

ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ រដ្ឋាភិបាលគុយបាចំពោះការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ។បញ្ហានេះនាំឲ្យគុយបាងាកមកបន្តពង្រឹងទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសចិនដែលជាគូប្រជែងសេដ្ឋកិច្ច និងនយោបាយដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិក ។ ក្រៅពីចិន, គុយបា ក៏ទទួលបានការគាំទ្រ ប្រទេសរុស្ស៊ី ផងដែរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner